
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា បាន្យដឹងថា សិង្ហបុរីស្ថិតក្នុងចំណោមវិនិយោគិនបរទេសធំជាងគេទាំង៥ របស់កម្ពុជា ដែលបានវិនិយោគគ្របដណ្ដប់វិស័យនានាដូចជា អចលនទ្រព្យ, ថាមពល ពាណិជ្ជកម្មនិងចែកចាយ, ម្ហូបអាហារ/ អ្នកប្រើប្រាស់, ការអប់រំនិងហិរញ្ញវត្ថុ។ នេះជាការលើកឡើងរបស់លោកជំទាវ តែវ ឡាយឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា នៅក្នុងសិក្ខាសាលាស្វែងយល់ពីកម្ពុជា+ ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា” តាមរយៈប្រព័ន្ធវីដេអូ។
នៅក្នុងឱកាសនេះ លោកជំទាវ តែវ ឡាយឆេង បានលើកឡើងថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅអាស៊ី កម្ពុជាបានងើបចេញពីជំងឺរាតត្បាតកូវី៥-១៩ បន្ទាប់ពីបានសម្រេចដោយជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយត្រូវបានរំពឹងថានឹងមានកំណើនសេដ្ឋកិច្ចដែលមានកម្រិតខ្ពស់ដូចមុន។
ជាមួយគ្នានេះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក.អ.ក.បានថ្លែងអំណរគុណដល់វិនិយោគិន និងធុរជនសិង្ហបុរីដែលបានជ្រើសយកកម្ពុជាក្នុងការបណ្តាក់ទុននាពេលកន្លងមក។ ឯកឧត្តមបានបន្ថែមថា បរិស្ថានវិនិយោគនៅកម្ពុជាដែលមានភាពអំណោយផល គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រង់ចាំទទួលការវិនិយោគរបស់សិង្ហបុរី ដើម្បីទ្បាមយកនូវកាលានុវត្តភាពដ៍លើសលុបក្នុងវិស័យកសិ- ចំណីអាហារ, សេវាកម្ម និងកម្មន្តសាល ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមពីតួនាទីសំខាន់របស់ការវិនិយោគសិង្ហបុរីនៅកម្ពុជា និងអំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើនថែមទៀតពីវិនិយោគិនសក្តានុពលសិង្ហបុរី ដែលនឹងរួមចំណែកដល់ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបានយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២២ គម្រោងវិនិយោគរបស់សិង្ហបុរីដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងកំពុងមានប្រតិបត្តិការមានចំនួន ១២៧ គម្រោង ក្នុងវិស័យទេសចរណ៍ កម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងទៀត ក្នុងទឹកប្រាក់សរុបប្រមាណ ១,៥៣ ប៊ីលានដុល្លារអាមេរិក៕
