
អេហ្សីប៖ រលកកំដៅកំពុងវាយប្រហារពលរដ្ឋជាច្រើនក្នងប្រទេសអេហ្សីប ដោយសីតុណ្ហភាពក្នុងប្រទេសមួយនេះបានលោតទៅដល់ក្បែរជាង ៤០អង្សាសេ។ រលកកំដៅមួយនេះបានបង្ខំចិត្តពលរដ្ឋអេហ្សីបជាច្រើនពាន់នាក់មានផលវិបាកជាខ្លាំងប៉ះពាល់ដល់ការងារព្រមទាំងរបររកស៊ីថែមទៀតផង។
ប្រទេសអាហ្រ្វិកខាងជើងមួយនេះកំពុងប្រឈមមុខនឹងរលកកំដៅដ៏ឃោរឃៅដែលបានវាយប្រហារអឺរ៉ុប និងសហរដ្ឋអាមេរិករួចហើយ ដោយអាជ្ញាធរបានជំរុញឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នខ្ពស់។ ជាធម្មតាខែកក្កដា គឺជាពេលវេលាក្តៅបំផុតក្នុងប្រទេសអេហ្សីប ប៉ុន្តែនៅឆ្នាំនេះ សីតុណ្ហភាពបានកើនឡើងខ្ពស់ ហើយមជ្ឈមណ្ឌលឧតុនិយមជាតិកំពុងព្រមានប្រជាជនអេហ្ស៊ីបឱ្យស្នាក់នៅក្នុងផ្ទះ និងជៀសវាងការដើរចេញក្រៅផ្តេសផ្តាស់។
បើតាមមន្រ្តីអេហ្សីបបានឲ្យដឹងថាសីតុណ្ហភាពក្នុងសប្តាហ៍នេះបានកើនឡើងដល់ ៤០ អង្សាសេដែលជាកំណត់ត្រាហានិភ័យមួយសម្រាប់ប្រជាជនក្នុងប្រទេសមួយនេះ។ លោក Mohamed ជាអ្នករស់នៅតំបន់ Giza បាននិយាយថា យើងមិនអាចគ្រប់គ្រងអាកាសធាតុបានទេវាពិបាក ប៉ុន្តែយើងត្រូវស៊ូទ្រាំ។
លោក Mustafa អ្នកស្រុក Giza ម្នាក់ទៀតបាននិយាយថា "យើងមិនប្រើ ម៉ាស៊ីនត្រជាក់ ទៀតទេនៅផ្ទះយើងប្រើតែកង្ហារព្រោះតម្លៃអគ្គិសនីពិតជាថ្លៃណាស់" ។ ប្រជាជនអេហ្ស៊ីបកំពុងប្រឈមមុខនឹងរដូវក្តៅដ៏យូរអង្វែង ខណៈដែលក្រុមមន្ត្រីព្យាករណ៍ថា អាកាសធាតុក្តៅនឹងអូសបន្លាយរហូតដល់ខែតុលា ដែលជារយៈពេលដ៏ពិបាកមួយសម្រាប់ពលរដ្ឋអេហ្សីបទទួលយក៕