
ភ្នំពេញ៖ កម្ពុជា-នីហ្សេរីយ៉ា បានបង្ហាញការពេញចិត្ត និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនាពេលកន្លងមក ព្រមទាំងឯកភាពឱ្យមានការធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងកម្រិតថា្នក់រដ្ឋមន្រ្តី និងថ្នាក់មន្រ្តីបច្ចេកទេស នាពេលអនាគត។
លោកជំទាវ Folakemi I. Akinleye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា ប្រចាំកម្ពុជា បានមានដំណើរទស្សនកិច្ចមកកាន់កម្ពុជាដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។
នៅក្នុងឱកាសនេះ លោកជំទាវ Folakemi I. Akinleye បានគូសបញ្ជាក់ថា លោកជំទាវពេញចិត្តនឹងបំពេញបេសកម្មការជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ដើម្បីអាចពង្រឹងនូវកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព ឲ្យកាន់តែប្រសើរ។ លោកជំទាវ បានកត់សម្គាល់ឃើញថា នៅរាជធានីភ្នំពេញ មានអាគារខ្ពស់ៗយ៉ាងច្រើន ដែលបញ្ជាក់ពីសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជាមានភាពរីកចម្រើន។
ជាមួយគ្នានេះ ឯកឧត្តម អ៊ិត សំហេង ក៏បានសម្តែងនូវការស្វាគមន៍ចំពោះអាណត្តិការទូតរបស់លោកជំទាវនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលអាចឲ្យប្រទេសទាំងពីរទទួលបានទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមក ខណៈពេលដែលពិភពលោកកំពុងមានការប្រកួតប្រជែង និងការរាតត្បាតនូវជំងឺផ្សេងៗ៕