
ភ្នំពេញ៖ កម្ពុជា-ឥណ្ឌា ប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ចនិងវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំង២ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ការប្ដជ្ញានេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយឯកឧត្តម Karthik Tallam កុងស៊ុលកិត្តិយស កម្ពុជាប្រចាំទីក្រុង Bangalore នៃសាធារណរដ្ឋឥណ្ឌា។
នៅក្នុងឱកាសជួបពិភាក្សាការងារនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មគាំទ្រ និងផ្តល់កិច្ចសហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងសភាពពាណិជ្ជកម្មឥណ្ឌាប្រចាំកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍នានា ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តម Karthik Tallam កុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុង Bangalore នៃសាធារណរដ្ឋឥណ្ឌា បានជម្រាបជូនកម្ពុជាអំពីគោលបំណងនៃគណៈប្រតិភូឥណ្ឌាមកកាន់ក្រសួងពាណិជ្ជកម្មថា គឺដើម្បីស្វែងរកការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីក្រសួងពាណិជ្ជកម្មក្នុងការរៀបចំកម្មវិធី Business Excellence Awards 2022 ដែលរៀបចំដោយសភាពពាណិជ្ជកម្មឥណ្ឌាប្រចាំកម្ពុជា ក្នុងគោលបំណងអបអរសាទរខួបគម្រប់៧០ឆ្នាំ នៃចំណងការទូតកម្ពុជា-ឥណ្ឌា ដែលព្រឹត្តិការណ៍នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី៨-១០ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ នៅរាជធានីភ្នំពេញ ដោយមានការ ចូលរួមពីស្ថាប័នរដ្ឋរបស់កម្ពុជា ព្រមទាំងវិស័យឯកជនឥណ្ឌាជាង២០០ក្រុមហ៊ុនផងដែរ។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ចនិងវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំង២ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌាមានទំហំទឹកប្រាក់ជាង ៣១១លានដុល្លារអាមេរិក ដែលក្នុងនោះកម្ពុជានាំចេញទៅឥណ្ឌាក្នុងទំហំទឹកប្រាក់ជាង ១២៦លានដុល្លារអាមេរិក និងឥណ្ឌានាំចេញមកកម្ពុជា ក្នុងទំហំទឹកប្រាក់ជាង ១៨៥លានដុល្លារអាមេរិក៕