
ភ្នំពេញ៖ ក្រុមអាជីវករផ្សារអូរឫស្សីជាច្រើនរយនាក់ នៅថ្ងៃទី ២០ កក្កដានេះ បានប្រមូលផ្តុំគ្នាតវ៉ានៅមុខគណៈកម្មការផ្សារ ដើម្បីទាមទារថ្នាក់ដឹកនាំផ្សារបញ្ចុះតម្លៃតូបរបស់ពួកគាត់។ការតវ៉ានេះ ធ្វើឡើងក្រោយពីក្រុមអាជីវករទទួលបានលិខិតពីគណៈកម្មការផ្សារស្តីពីតម្លៃបង់ថ្លៃតូបដែលតម្លៃនេះមានការឡើងថ្លៃខុសពីការបង់មុនៗ។
ក្រុមអាជីវករមានទាំងក្មេងទាំងចាស់បានប្រមូលផ្តុំគ្នាមុខផ្សារអមជាមួយដៃកាន់លិខិត ហើយស្រែកទាមទារឱ្យគណៈកម្មការផ្សារអូឬស្សីពន្យល់ឱ្យបានច្បាស់លាស់ពីការតំឡើងថ្លៃនៃការជួលតូបរបស់ពួកគាត់ដោយសារតម្លៃខុសគ្នាឆ្ងាយពីតម្លៃមុនៗ។

លោកស្រី ចាន់ សុខុម តំណាងក្រុមអាជីវករបានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោកស្រី និង អាជីវករផ្សារទាំងអស់ចង់ឱ្យខាងផ្សារពន្យល់ពីការដំឡើងថ្លៃតូប ហើយសុំការបញ្ចុះតម្លៃពី១០០ភាគរយមកត្រឹមតែ៥០ភារយវិញ។
បើតាមលោកស្រី ចាន់ សុខុម ផ្សារបានតម្រូវឱ្យអាជីវករបង់ថ្លៃតូបចំនួនជាង ៣០០០ដុល្លារ តាមទៅតំបន់។សម្រាប់តំបន់លោកស្រីត្រូវបង់ថ្លៃតូបចំនួន ៣.១៤៦ដុល្លារ ខណៈតូបផ្សេងៗនៅក្រោមតូបរបស់តំបន់លោកស្រីមានតម្លៃក្រោយ៣០០០ដុល្លារ។តម្លៃទាំងអស់នេះ តម្រូវជួលរយៈពេល២០ឆ្នាំ។
ស៊ីស៊ីថាមស៍ មិនអាចទាក់ទងលោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី ដើម្បីពន្យល់ពីការតវ៉ារបស់ក្រុមអាជីវករបាននោះឡើយទេមកដល់ពេលនេះ។តែក្រោយមានការតវ៉ាយើងឃើញមានក្រុមសន្តិសុខផ្សារចុះមកជួយសម្រួល និង បានហៅតំណាងក្រុមអាជីវករទៅជួបដើម្បីដោះស្រាយរកចំណុចរួម និងឈ្នះៗទាំងអស់គ្នា៕
