
ព្រះវិហារ៖ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៅក្នុងឆមាសទី១ឆ្នាំ២០២២នេះ បានធ្វើការបណ្តុះបណ្តាលអ្នកជំនាញ និងគ្រូបង្គោលសរុបចំនួន ៨៨៤រូប (ស្រី ៥៩៦រូប) ក្រោមការគាំទ្ររបស់អង្គការ SwissContact អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការ UNIDO លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច ចុងភៅ ជំនាញឆុងការហ្វេ នៅខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំ។
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានលើកឡើងថាកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី ២ ឆ្នាំ២០២២ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នឹងបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលការងារសំខាន់ៗរបស់លេខាធិការដ្ឋាន និងមន្ទីរទេសចរណ៍ខេត្តបានអនុវត្តកន្លងមក នៅតាមខេត្តគោលដៅគម្រោងរួមមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគីរី និងមណ្ឌលគីរី សៀមរាប បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង ព្រមទាំងបញ្ហាប្រឈមនានាក្នុងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា។
ឯកឧត្តមបន្ថែមថា ក្រៅពីការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ក៏មានការដាក់ទិសដៅការងារបន្តរបស់មន្ទីរទេសចរណ៍នៃខេត្តគោលដៅគម្រោង សម្រាប់អនុវត្តការងារនៅឆមាសទី២ ឆ្នាំ២០២២ ខាងមុខនេះ និងជាវេទិការដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដល់សមាគមឧស្សាហកម្មទេសចរណ៍ និងវិស័យឯកជន ដើម្បីពិនិត្យលទ្ធភាពចាប់យកកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅក្នុងផែនការរបស់ខ្លួន។
ជាមួយគ្នានេះ លោក Christain Volder Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ បានបញ្ជាក់ថាតាមរយៈកិច្ចសហការដ៏ល្អនេះ អង្គការស្វីស ខន់ថាក់ នឹងពង្រីកការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលជាគោលដៅអាទិភាព និងមានសក្តានុពលវិស័យទេសចរណ៍៕