
ហ្គាណា៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការផ្ទុះឡើងនៃមេរោគថ្មី«Marburg» ដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសហ្គាណា។ នេះជាលើកទីមួយហើយដែលមានមេរោគថ្មីឆ្លងសាហាវដូចវីរុសអេបូឡា ហើយត្រូវបានរកឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងលិច។
នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ WHO និយាយថា គំរូឈាមដែលយកពីមនុស្សពីរនាក់កាលពីខែមុននៅក្នុងតំបន់ Ashanti ភាគខាងត្បូងនៃប្រទេសហ្គាណា បង្ហាញថា ពួកគេទាំងពីរមានមេរោគ Marburg ។
អ្នកជំងឺទាំងពីរនាក់មានរោគសញ្ញាដូចជា រាគ ក្តៅខ្លួន និង ក្អួតចង្អោរ ហើយបានស្លាប់ក្នុងរយៈពេលមួយថ្ងៃ បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យកាលពីចុងខែមិថុនា។
ឥឡូវនេះ ទំនាក់ទំនងជាង ៩០ នៃអ្នកជំងឺទាំងពីរត្រូវបានរកឃើញ ហើយកំពុងត្រូវបានត្រួតពិនិត្យដោយ WHO និងអាជ្ញាធរសុខាភិបាលក្នុងតំបន់។ ទីភ្នាក់ងារសុខភាពពិភពលោកនិយាយថា ខ្លួនក៏កំពុងជួយប្រទេសហ្គាណាដោយការផ្តល់នូវឧបករណ៍ការពារ ជំរុញការឃ្លាំមើលជំងឺ ការធ្វើតេស្ត តាមដានទំនាក់ទំនង និងបង្កើនការយល់ដឹងជាសាធារណៈអំពីហានិភ័យ និងគ្រោះថ្នាក់នៃជំងឺ។
លោកវេជ្ជបណ្ឌិត Matshidiso Moeti នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំទ្វីបអាហ្រ្វិកបាននិយាយថា អាជ្ញាធរសុខាភិបាលបានឆ្លើយតបយ៉ាងឆាប់រហ័ស ដោយចាប់ផ្តើមរៀបចំខ្លួនសម្រាប់ការផ្ទុះឡើងដែលអាចកើតមាន។ នេះជាការល្អព្រោះបើគ្មានសកម្មភាពភ្លាមៗនិងការសម្រេចចិត្តនោះវីរុស Marburg អាចងាយផ្ទុះឡើង។
វីរុស Marburg ត្រូវបាន WHO ចាត់ទុកថា ជាជំងឺដែលឆ្លងសាហាវ ស្រដៀងនឹងវីរុសអេបូឡា ដែលវីរុសឆ្លងខ្លាំងបំផុតនៅអាហ្វ្រិក។ ជំងឺនេះអាចឆ្លងពីសត្វទៅមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយវត្ថុរាវ ខ្លួនប្រាណ និងសម្ភារៈរបស់អ្នកឆ្លង។
ការចាប់ផ្តើមនៃជំងឺនេះ គឺកើតឡើងភ្លាមៗ ដោយមានគ្រុនក្តៅខ្លាំង ឈឺក្បាលធ្ងន់ធ្ងរ និងខ្សោយកម្លាំង។ វាត្រូវបានគេកត់សម្គាល់ផងដែរថា អ្នកជំងឺជាច្រើនមានការហូរឈាមខាងក្នុងឬខាងក្រៅធ្ងន់ធ្ងរក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីការឆ្លង។
អត្រាមរណភាពករណីមានការប្រែប្រួលពី ២៤% ទៅ ៨៨% ក្នុងការផ្ទុះឡើងកាលពីមុន អាស្រ័យលើប្រភេទវីរុស។ តែនៅតែមិនទាន់មានវ៉ាក់សាំង ឬការព្យាបាលប្រឆាំងមេរោគដែលត្រូវបានអនុម័តសម្រាប់ជំងឺនេះនៅឡើយ។ វេជ្ជបណ្ឌិតអាចប្រើតែការថែទាំដែលគាំទ្រ ដូចជាការផ្តល់ជាតិទឹកតាមមាត់ ឬតាមសរសៃឈាម និងការព្យាបាលរោគសញ្ញាជាក់លាក់ ដើម្បីការរស់រានមានជីវិតរបស់អ្នកជំងឺ។
ការផ្ទុះឡើងដំបូងនៃមេរោគ Marburg ដែលមិនធ្លាប់មានត្រូវបានគេរាយការណ៍ គឺនៅប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ ១៩៦៧។ ចាប់តាំងពីពេលនោះមក ការផ្ទុះឡើងនៃជំងឺនេះត្រូវបានគេរាយការណ៍ថា មាននៅក្នុងប្រទេសអង់ហ្គោឡា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កេនយ៉ា អាហ្វ្រិកខាងត្បូង និងអ៊ូហ្គង់ដា នេះបើយោងតាមអង្គការសុខភាពពិភពលោក៕