
ប៉ារីស៖ ភ្លើងឆេះព្រៃបានឆាបឆេះនៅភាគនិរតីនៃប្រទេសបារាំង និងប្រទេសអេស្បាញកាលពីថ្ងៃសៅរ៍ ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈដែលសីតុណ្ហភាពរដូវក្តៅ ក្តៅខ្លាំងបានធ្វើឱ្យអាជ្ញាធរមានការប្រុងប្រយ័ត្ននៅក្នុងតំបន់មួយចំនួននៃទ្វីបអឺរ៉ុប។
អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា មនុស្សប្រហែល ១៤,០០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ Gironde របស់ប្រទេសបារាំងគិតត្រឹមរសៀលថ្ងៃសៅរ៍ ខណៈដែលអ្នកពន្លត់អគ្គីភ័យជាង ១,២០០ នាក់បានប្រយុទ្ធដើម្បីនាំគ្នាពន្លត់អគ្គិភ័យលោក Vincent Ferrier អភិបាលរងខេត្ត Langon ក្នុងទីក្រុង Gironde បានប្រាប់សន្និសីទសារព័ត៌មានមួយថា "យើងកំពុងព្យាយាមពន្លត់នឹងជម្លៀសប្រជាជនចេញពីតំបន់ឆាបឆេះ" ។

ដោយឡែកនៅក្នុងការព្រមានអំពីអាកាសធាតុចុងក្រោយនេះ នាយកដ្ឋានចំនួន ៣៨ នៃ ៩៦ របស់ប្រទេសបារាំងត្រូវបានចុះបញ្ជីនៅលើការជូនដំណឹង "ព័ត៌មានបន្ទាន់" ដោយអ្នកស្រុកនៅតំបន់ទាំងនោះបានជំរុញឱ្យមានការប្រុងប្រយ័ត្ន។ រលកកំដៅនៅភាគខាងលិចប្រទេសបារាំងត្រូវបានគេរំពឹងថានឹងឡើងដល់កំពូលនៅថ្ងៃច័ន្ទ ដោយសីតុណ្ហភាពកើនឡើងលើសពី ៤០ អង្សាសេ។ ដោយនៅប្រទេសអេស្បាញ ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងប្រយុទ្ធនឹងអណ្តាតភ្លើងជាបន្តបន្ទាប់កាលពីថ្ងៃសៅរ៍បន្ទាប់ពីប៉ុន្មានថ្ងៃនៃសីតុណ្ហភាពខ្ពស់មិនធម្មតាដែលបានឡើងដល់ ៤៥.៧ អង្សាសេ។

គួរបញ្ជាក់ថាភ្លើងឆេះព្រៃបានឆាបឆេះពេញប្រទេសបារាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក៏ដូចជាបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត រួមទាំងព័រទុយហ្គាល់ និងអេស្ប៉ាញ ហើយផ្ទៃដីជាង ១០,០០០ហិកតាត្រូវបានឆេះនៅក្នុងតំបន់ Gironde កាលពីថ្ងៃសៅរ៍ កើនឡើងពី ៧,៣០០ ហិកតាកាលពីថ្ងៃសុក្រ៕
