
អាម៉េរិក៖ កងទ័ពជើងទឹកអាម៉េរិកបានធ្វើដំណើរជិតកោះ Spratly កាលពីថ្ងៃសៅរ៍ ដែលជាប្រតិបត្តិការ "សេរីភាពនៃការធ្វើនាវាចរណ៍" លើកទីពីររបស់ខ្លួនក្នុងរយៈពេលមួយសប្តាហ៍នៅក្នុងសមុទ្រចិនខាងត្បូង ខណៈវិបត្តិសមុទ្រចិនខាងត្បូងកំពុងបន្តកាន់តែក្តៅឡើងៗ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត រ៉ូយទ័រ។
បើតាមមន្រ្តីយោធាអាម៉េរិកបានឲ្យដឹងថា សហរដ្ឋអាមេរិកតែងតែអនុវត្តនូវអ្វីដែលខ្លួនហៅថាសេរីភាពនៃប្រតិបត្តិការនាវាចរណ៍នៅសមុទ្រចិនខាងត្បូង ហើយអាម៉េរិកនៅតែបន្តរក្សាប្រជាធិបតេយ្យដោយពុំឲ្យមានសង្រ្គាមណាមួយផ្ទុះឡើងក្នុងជម្លោះសមុទ្រចិនខាងត្បូងឡើយ។
កងទ័ពជើងទឹកអាមេរិកបានបន្តថា "កាលពីថ្ងៃទី ១៦ ខែកក្កដា នាវា USS Benfold (DDG 65) បានអះអាងអំពីសិទ្ធិ និងសេរីភាពនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូង នៅជិតប្រជុំកោះ Spratly ស្របតាមច្បាប់អន្តរជាតិ" ខណៈប្រទេសចិននិយាយថា ខ្លួនមិនបានរារាំងសេរីភាពនៃការធ្វើនាវាចរណ៍ ឬការហោះហើរហួសព្រំដែននោះទេ ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា មានចេតនាបង្កភាពតានតឹង។

បន្ថែមពីនេះប្រទេសចិនតែងតែទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង ដែលវៀតណាមហៅថាសមុទ្រខាងកើត។ ប្រទេសចិនបានសាងសង់កោះសិប្បនិមិត្តលើការកាន់កាប់មួយចំនួននៅសមុទ្រចិនខាងត្បូងរបស់ខ្លួន រួមទាំងអាកាសយានដ្ឋាន ដែលបង្កើនការព្រួយបារម្ភក្នុងតំបន់អំពីចេតនារបស់ទីក្រុងប៉េកាំង៕