Cctimesw1140xh150cm copy

WMCរៀបចំ«វេទិកាអ្នកសារព័ត៌មានស្រ្ដី»ពិភាក្សាលើបញ្ហាអ្នកសារព័ត៌មានស្ត្រី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC)កាលពីថ្ងៃទី១៥ កក្កដា បានរៀបចំ «វេទិកាអ្នកសារព័ត៌មានស្រ្ដី» ដែលមានអ្នកចូលរួមជាអ្នកសារព័ត៌មានស្ត្រី ប្រមាណជា ៤០នាក់ មកពីវិទ្យុ ស្ថានីយ ទូរទស្សន៍ សារព័ត៌មានបោះពុម្ព និងអនឡាញ។ វេទិកានេះ ពិភាក្សាលើបញ្ហាដែលអ្នកសារព័ត៌មានស្ត្រីជួបប្រទះ និងចូលរួមរកដំណោះស្រាយចំពោះបញ្ហានានា ដើម្បីបង្កើតវិធីសាស្ត្រឆ្លើយតបទៅនិងបញ្ហាទាំងនោះ។

អ្នកសារព័ត៌មានស្ត្រី ប្រមាណជា ៤០នាក់ មកពីវិទ្យុ ស្ថានីយ ទូរទស្សន៍ សារព័ត៌មានបោះពុម្ព និងអនឡាញ ដែលមានតួនាទីជាអ្នកគ្រប់គ្រង និពន្ធនាយក អ្នកព័ត៌មាន ផលិតករ ពិធីការនី អ្នកនិពន្ធអត្ថបទ Freelancer បានចូលរួមនៅក្នុងវេទិការនេះ ព្រមទាំងលើកឡើងពីបញ្ហាដែលអ្នកសារព័ត៌មានស្រ្ដីជួបប្រទះនាពេលបច្ចុប្បន្ន ទាំងនៅក្នុងគ្រួសារ កន្លែងបំពេញការងារ និងការចុះបេសកកម្មនៅខាងក្រៅ ជាដើម។

អ្នកស្រី អ៊ុង ច័ន្ទថុល ជានាយិកាប្រតិបត្តិ នៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានមានប្រសាសន៍ថា មុនមានការរីករាលដាលនៃវីរុសកូវីដ-១៩ ស្រ្ដីបានប្រឈមមុខនឹងផ្នែកច្បាប់ និងការរើសអើងនៅកន្លែងការងារ ប៉ុន្ដែស្ដ្រីបានជួបបញ្ហាម្ដងទៀតនៅអំឡុងពេលកូវីដ-១៩ ស្រ្ដីត្រូវលាឈប់ពីការងារដើម្បីធ្វើការងារផ្ទះ និងមើលថែកូន។ ការងារផ្ទះមិនមែនជាតួនាទីរបស់ស្ត្រីឡើយ ប៉ុន្ដែសង្គមជាអ្នកធ្វើឱ្យបុរសមើលឃើញថា ការងារផ្ទះជាតួនាទីរបស់ស្ត្រី។

អ្នកស្រី កាន់ វិច្ឆិកា ជាអ្នកសារព័ត៌មានឯករាជ្យ និងវាគ្មិននៅក្នុង វេទិកាអ្នកសារព័ត៌មានស្រ្ដី បាននិយាយថា នៅពេលស្ដ្រីបំពេញការងារ ស្រ្ដីប្រឈមមុខខ្ពស់ទៅនឹងការបៀតបៀនផ្លូវភេទ ការរលោភបំពាន ការគំរាមគំហែងពីសំណាក់អ្នកមានអំណាច និងការជេរប្រមាថពីមហាជនតាមរយៈអនឡាញ ជាដើម។

អ្នកស្រី ឆន សុគន្ធា នាយិកានៃនាយកដ្ឋាន នៃនាយកដ្ឋានអភិវឌ្ឍន៍ផ្នែកច្បាប់ បានលើកឡើងថា ស្ត្រីគួរតែទទួលបានសិទ្ធពិសេសនៅកន្លែងការងារ ជាពិសេសអំឡុងពេលពពោះ។ បន្ថែមពីនេះទៀត នៅក្នុងរដ្ឋធម្មនុញ្ញគួរតែមានច្បាប់ពិសេសសម្រាប់ការពារអ្នកសារព័ត៌មានស្ដ្រី មិនតែប៉ុណ្ណោះគួរតែមានច្បាប់ពិសេសដែលការពារទាំងអ្នកសារព័ត៌មានស្រ្ដី និងអ្នកសារព័ត៌មានបុរសអំឡុងពេលបំពេញការងារ ជាពិសេសនៅពេលចុះបេសកកម្មនៅខាងក្រៅអង្គភាព។ គ្រប់ស្ថាប័នទាំងអស់គួរតែមានទារកដ្ឋាន សម្រាប់អ្នកសារព័ត៌មានស្ត្រី ដូច្នេះពួកគាត់មិនប្រឈមមុខនិងការលាឈប់ពីការងារដើម្បីមើលថែទារកបន្ទាប់ពីពួកគាត់បានសម្រាលហើយ។

ជាមួយគ្នានេះដែរ បើតាមអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា រយៈពេល១០ឆ្នាំ ចុងក្រោយនេះ វត្តមានស្ត្រីក្នុងវិស័យសារព័ត៌មាន មានការកើនឡើងគួរឱ្យគត់សម្គាល់។ មានស្ដ្រីមួយចំនួនមានសមត្ថភាពពេញលេញក្នុងកាតកាន់មុខតំណែងធំៗ ក្នុងស្ថាប័នមួយចំនួន។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី បញ្ហាប្រឈមផ្សេងៗ ការគំរាមគំហែង និងការបៀតបៀន ការរំលោភបំពាន ការកេងប្រវ័ញ្ចតែងកើតមានលើអ្នកសារព័ត៌មានស្ត្រីក្នុងអំឡុងពេលបំពេញការងារ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង