
ភ្នំពេញ៖ កម្ពុជា-មីយ៉ាន់ម៉ា ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ចនិងវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំង២ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ការប្ដេជ្ញានវធ្វើឡើងនៅក្នុងឱកាសពិភាក្សាការងាររវាងកម្ពុជា ជាមួយមីយ៉ាន់ម៉ា ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម បានស្នើឱ្យភាគីមីយ៉ាន់ម៉ា ពិនិត្យលទ្ធភាពជួយជំរុញឱ្យមានការនាំចូលផលិតផលកសិកម្ម មានសក្តានុពលពីកម្ពុជា ដូចជា៖ ស្វាយ ចេកសម្ងួត មៀន ផ្លែបឺរ គ្រាប់ស្វាយចន្ទី ដំឡូងជ្វា ម្ទេស ល្ង និងស្ករត្នោត ទៅកាន់ទីផ្សារមីយ៉ាន់ម៉ា បន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តម Thit Linn Ohn ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា បានបង្ហាញពីការប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងពាំនាំនូវសំណើរបស់ ឯកឧត្តមរដ្ឋមន្រ្តី ទៅជម្រាបជូនដឹកនាំផងដែរ។ បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរដ្ឋ ក៏បានស្នើសុំ ភាគីកម្ពុជាពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដទៃទៀត រួមមាន៖ ការចៀសវាងការយកពន្ធត្រួតគ្នា និងការជំរុញនិងការពារការវិនិយោគ រវាងភាគីទាំងពីរ ផងដែរ។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើការជំរុញពាណិជ្ជកម្មទ្វេភាគី ការលើកកម្ពស់ការចូលរួមសហការឱ្យកាន់តែជិតស្និទ្ធរវាងសភាពាណិជ្ជកម្ម និងវិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈការផ្គូរផ្គងធុរកិច្ច ការផ្លាស់ប្តូរទស្សនកិច្ចរវាងធុរជន សកម្មភាពពិព៍រណ៌ ព្រមទាំងការកំណត់ទំនិញសក្តានុពលរវាងប្រទេសទាំងពីរក្នុងការជំរុញការនាំចេញបន្ថែមទៀត៕