
ស្រីលង្កា៖ ប្រទេសស្រីលង្កា បានរង្គោះរង្គើដោយការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ ខណៈដែលបាតុកររាប់ពាន់នាក់កំពុងទាមទារឱ្យលោកនាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe ចុះចេញពីតំណែង។
ប្រទេសស្រីលង្កា បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីថ្ងៃពុធ ចំពេលមានការតវ៉ាដោយក្រុមបាតុករ បានវាយលុកការិយាល័យនាយករដ្ឋមន្ត្រី Ranil Wickremesinghe ធ្វើឲ្យប៉ូលីស និងក្រុមបាតុករបានប៉ះទង្គិចគ្នានៅខាងក្នុងការិយាល័យ ដោយបង្កើតឱ្យមានភាពវឹកវរមួយរយៈ។
ក្រុមអ្នកតវ៉ាបានអបអរសាទរ ដោយការឡើងលើបង្គោលភ្លើងតាមដងផ្លូវ និងគ្រវីទង់ជាតិស្រីលង្កានៅខាងក្រៅការិយាល័យ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ក្រុមអ្នកតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមដកថយពីអគារផ្លូវការដែលពួកគេកាន់កាប់ដើម្បីទម្លាក់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី។
អ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរី បាននិយាយនៅល្ងាចថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីលោក Gotabaya Rajapaksa បានចាកចេញពីប្រទេសស្រីលង្កាកាលពីថ្ងៃពុធ ហើយត្រូវបានអនុញ្ញាតឱ្យចូលប្រទេសសិង្ហបុរីនៅថ្ងៃព្រហស្បតិ៍។
ប្រធានសភាស្រីលង្កា Mahinda Yapa Abeywardena កាលពីថ្ងៃសុក្រ បានប្រកាសលាលែងពីតំណែងជាផ្លូវការជាប្រធានាធិបតីស្រីលង្កា ហើយបាននិយាយថា នាយករដ្ឋមន្ត្រី Ranil Wickremesinghe នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន។
យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស ប្រសិនបើតំណែងប្រធានាធិបតីនៅទំនេរមុនពេលផុតអាណត្តិ សភាត្រូវជ្រើសរើសសមាជិកម្នាក់ក្នុងចំណោមសមាជិករបស់ខ្លួន ជាប្រធានាធិបតីដែលមានលក្ខណៈគ្រប់គ្រាន់។
មុនពេលប្រធានាធិបតីថ្មីចូលកាន់តំណែង នាយករដ្ឋមន្ត្រីត្រូវបំពេញមុខងារក្នុងការិយាល័យប្រធានាធិបតី ហើយតែងតាំងរដ្ឋមន្ត្រីមួយរូបក្នុងចំណោមរដ្ឋមន្ត្រីផ្សេងទៀតនៃគណៈរដ្ឋមន្ត្រី ដើម្បីបំពេញមុខងារនាយករដ្ឋមន្ត្រី។
លោក Abeywardena បាននិយាយកាលពីថ្ងៃចន្ទថា មេដឹកនាំគណបក្សនយោបាយបានសម្រេចចិត្តជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី ២០ ខែកក្កដា តាមរយៈការបោះឆ្នោតនៅក្នុងសភា៕