
ភ្នំពេញ៖ សាជីវកម្មឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានដល់អាជីវកម្មចំនួន ៥១៥ ក្រុមហ៊ុនអាជីវកម្ម ក្នុងទឹកប្រាក់ធានាសរុបមានចំនួនដល់ទៅជាង៥០លានដុល្លារ បើគិតចាប់តាំងពីគម្រោងនេះត្រូវបានដាក់ឲ្យដំណើរការតាំងចុងខែមីនាឆ្នាំ២០២១ គិតមកត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ នេះបើយោងតាមព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥទានរបស់សាជីវកម្មធានាឥណទានកម្ពុជា។
តាមព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥទានរបស់សាជីវកម្មធានាឥណទានកម្ពុជាបង្ហាញថា ក្នុងរយៈពេលជាង១ឆ្នាំ ក្រោយពេលដែល សាជីវកម្មឥណទានកម្ពុជា (CGCC) ត្រូវបានដាក់ឲ្យដំណើរការមក ឃើញថា មានអាជីវកម្មសរុបចំនួន ៥១៥ ក្រុមហ៊ុនអាជីវកម្ម ទទួលបានការធានាឥណទានពីសារជីវកម្មធានាឥណទានកម្ពុជា ដែលស្មើនឹងទឹកប្រាក់ធានាសរុបចំនួនជាង ៥០លានដុល្លារដុល្លារ។
ក្នុងនោះ ប្រភេទអាជីវកម្មខ្នាតតូច និងមធ្យម (SME) មានចំនួន ៤៩៨ ក្រុមហ៊ុន និងអាជីវកម្មខ្នាតធំចំនួន ១៧ ក្រុមហ៊ុន។ ទន្ទឹមនេះ ក្នុងចំណោម ៥១៥ ក្រុមហ៊ុនអាជីវកម្ម មានក្រុមហ៊ុនគ្រប់គ្រងដោយស្ត្រីចំនួន១៦៥ ក្រុមហ៊ុន និង មានក្រុមហ៊ុនប្រភេទកម្ចីមានទ្រព្យបញ្ចាំចំនួន ១២៩ ក្រុមហ៊ុន និង ក្រុមហ៊ុនប្រភេទកម្ចីគ្មានទ្រព្យបញ្ចាំចំនួន ៣៨៦ ក្រុមហ៊ុន។
សូមបញ្ជាក់ថា បច្ចុប្បន្ន មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាង២០ស្ថាប័នហើយ ដែលជាដៃគូរបស់សាជីវកម្មធានាឥណទាន។ ម្ចាស់អាជីវកម្មទាំងខ្នាតមីក្រូ ខ្នាតតូចនិងមធ្យម និងខ្នាតធំ ដែលមានសញ្ជាតិកម្ពុជា កាន់កាប់ភាគហ៊ុនលើសពី៥០% គឺអាចស្នើសុំឥណទានមានការធានាពីសាជីវកម្មឥណទានដោយផ្ទាល់ ឬអាចទំនាក់ទំនងទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាដៃគូសហការរបស់គម្រោងនេះបាន៕