
Breaking News៖ យោងតាមរបាយការណ៍បានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានប្រកាសថា បានស្លាប់នៅអាយុ ៦៧ ឆ្នាំ បន្ទាប់ពីលោកត្រូវបានគេបាញ់សម្លាប់ក្នុងអំឡុងពេលថ្លែងសុន្ទរកថាជាសាធារណៈ។ ការស្លាប់នេះ ក៏ត្រូវបានបញ្ជាក់ដោយប្រភពគណបក្សមួយ ដែលបាននិយាយជាមួយទីភ្នាក់ងារព័ត៌មានក្យូដូ។
លោក Abe ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បាញ់ប្រហារមកលើលោក Abe អំឡុងពេលបង្ហាញមុខជាសាធារណៈនៅទីក្រុងណារ៉ាភាគខាងលិចប្រទេសជប៉ុន ពេលលោកកំពុងធ្វើយុទ្ធនាការជាបេក្ខជនក្នុងការបោះឆ្នោតសភានាពេលខាងមុខ។
សារព័ត៌មាន NHK បានកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ Yamagami Tetsuya អាយុ ៤១ ឆ្នាំ ត្រូវបានប៉ូលីសចាប់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាត ហើយអាវុធត្រូវបានគេរាយការណ៍ថា បានយកមកពីកន្លែងកើតហេតុ។
សាក្សីបាននិយាយថា ខ្មាន់កាំភ្លើងបានបាញ់ទៅលើលោក Abe ពីខាងក្រោយ ហើយរាយការណ៍ថាបានឮសំឡេងផ្ទុះខ្លាំងៗពីរ មុនពេលឃើញលោក អាបេ ដួលទៅលើដី។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែបានស្លាប់ដោយសាររបួសធ្ងន់ធ្ងរ។
គួររំលឹកថា លោក Abe អាយុ ៦៧ ឆ្នាំបានក្លាយជានាយករដ្ឋមន្ត្រីជប៉ុនជាលើកដំបូងពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៧ ហើយបានត្រលប់មកកាន់អំណាចវិញនៅឆ្នាំ ២០១២ ហើយបានលាលែងពីតំណែងដោយសារតែជំងឺនៅឆ្នាំ ២០២០ ដែលធ្វើឲ្យគាត់ក្លាយជានាយករដ្ឋមន្ត្រីជប៉ុនដែលកាន់អំណាចយូរបំផុតចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ។
បន្ទាប់ពីចុះចេញពីតំណែង លោក Abe បានបន្តសកម្មក្នុងនយោបាយ ដោយក្លាយជាប្រធានសមាគមស្រាវជ្រាវគោលនយោបាយ Qinghe ដែលជាបក្សដ៏ធំបំផុតរបស់ LDP កាលពីខែវិច្ឆិកាឆ្នាំមុន៕