ភ្នំពេញ៖ កម្ពុជា-ជប៉ុន បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិក្របខ័ណ្ឌតំបន់ឱ្យកាប់តែស៊ីជម្រៅ ជាពិសេសការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការអនុវត្តគំនិតផ្តួចផ្តើម និងគម្រោងនានាក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។
ការប្ដេជ្ញានេះធ្វើឡើងនៅក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជារបស់លោក WADA Yuhei អតីតប្រធានតំណាងគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មអាស៊ាន-ជប៉ុន(AMEICC) ក៏ដូចជាបានបង្ហាញការគួរសម និងជម្រាបលាទៅកាន់ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
នៅក្នុងឱកាសនេះ ឯកឧត្តម សុខ សុភ័ក្រ្ត បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រនិងការចូលរួមចំណែករបស់ AMEICC ក្នុងសមាហរណកម្មអាស៊ាន និងបានស្នើឱ្យ AMEICC បង្កើតគម្រោងជំនួយបច្ចេកទេសជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួចក្នុងអាស៊ានលើវិស័យថាមពលស្អាត និងឌីជីថល។
ជាការឆ្លើយតប លោក FUJIOKA Ryosuke ប្រធានតំណាងថ្មី ដែលទទួលបានការតែងតាំងមកបំពេញតួនាទីជំនួសលោក WADA Yuhei បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តអនុវត្តនិងជំរុញគំនិតផ្តួចផ្តើមនានា ក្រោមយន្តការ AMEICC ជាពិសេសការប្រើប្រាស់ថាមពលស្អាត (Clean Energy) ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងដោះស្រាយបញ្ហារបស់ប្រទេសក្នុងអាស៊ាននិងក្នុងតំបន់ទន្លេមេគង្គ។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានជំរុញឱ្យមានការត្រួតពិនិត្យនិងកែសម្រួលនូវគម្រោងមួយចំនួនក្រោមយន្តការនៃគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មអាស៊ាន-ជប៉ុន (AMEICC) ដើម្បីឆ្លើយតបនិងស្ថានភាពនិងការវិវត្តជាក់ស្ដែង ជាពិសេសការជួយគាំទ្រសហគ្រាសមីក្រូ តូច និងមធ្យម ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ ក៏ដូចជាការផ្តល់ជំនួយបច្ចេកទេសនិងបណ្តុះបណ្តាលសមត្ថភាពមន្រ្តីជំនាញរបស់កម្ពុជា ឡាវ មីយ៉ាន់ម៉ា ជាដើម ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់៕