
ចិន៖ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់ជាច្រើននៅក្នុងខេត្ត Liaoning និងខេត្ត ក្វាងទុង នៅភាគឦសាន និងភាគខាងត្បូងប្រទេសចិន បានបង្កឲ្យមានទឹកជំនន់ដែលរំខានដល់ចរាចរណ៍ និងជាប់មនុស្សក្នុងទឹកជំនន់ ដែលជំរុញអាជ្ញាធរមូលដ្ឋានបានរៀបចំការសង្គ្រោះ និងកាត់បន្ថយគ្រោះមហន្តរាយយ៉ាងឆាប់រហ័ស។
ចាប់ពីយប់ថ្ងៃពុធដល់ព្រឹកថ្ងៃព្រហស្បតិ៍ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់ជាច្រើនក្នុងទីក្រុង Maoming នៃខេត្តក្វាងទុង ដែលបណ្តាលឱ្យមានការលិចលង់នៅក្នុងទីក្រុងនិងភូមិមួយចំនួន ជន់លិចផ្ទះសម្បែង ដីស្រែចំការ និងមនុស្សជាច្រើននាក់ជាប់ក្នុងទឹកជំនន់។
ដោយសារតែអាកាសធាតុផ្លាស់ប្ដូរធ្ងន់ធ្ងរ ទឹកភ្លៀងនៅក្រុង Maoming លើសពី ៣០០ មីលីម៉ែត្រ ក្នុងរយៈពេល ១២ ម៉ោង។ ក្រុមអ្នកជួយសង្រ្គោះ បានបញ្ជូនអ្នកស្រុកចំនួន ១៤ នាក់ដែលជាប់នៅក្នុងភូមិមួយ រួមទាំងមនុស្សចាស់ និងទារកទៅកាន់តំបន់សុវត្ថិភាព។
ការលិចទឹកនៅតាមផ្លូវជាច្រើនក្នុងទីក្រុង Shenyang រដ្ឋធានី Liaoning នៅព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាជន។
សិស្សបួននាក់បានជាប់នៅលើរថយន្តសាលា ដែលជាប់គាំងនៅលើផ្លូវលិចទឹកក្នុងទីក្រុង Shenyang។ ក្រោយទទួលបានការអំពាវនាវ កម្លាំងជួយសង្រ្គោះបានប្រញាប់ទៅដល់កន្លែង ហើយបានបញ្ជូនសិស្សទាំង៤នាក់ទៅសាលាដោយរថយន្តសង្រ្គោះរបស់ពួកគេ ។
អាជ្ញាធរមូលដ្ឋានបានរៀបចំឲ្យកម្មករបង្ហូរទឹកបានទាន់ពេលវេលា និងបោសសម្អាតសំរាម និងគ្រឿងឧបភោគបរិភោគនៅតាមដងផ្លូវ ដោយមានកងកម្លាំងនគរបាលចរាចរណ៍ជាច្រើននាក់ទៀត ត្រូវបានដាក់ពង្រាយនៅលើដងផ្លូវ ដើម្បីធានាបាននូវចរាចរណ៍ឲ្យរលូន៕