
កំពត៖ ទិន្នផលម្រេចនៅក្នុងខេត្តកំពតមានការកើនឡើងនៅចុងឆ្នាំ២០២១ នឹងដើមឆ្នាំ២០២២។ ចំណែកផ្ទៃដីដាំដុះដំណាំម្រេចទូទាំងខេត្តកំពតមាន ៦០៨ហិកតា ផ្ទៃដីប្រមូលផល ៥៥១ហិកតា ទិន្នផល ២តោន/ហ.ត (ម្រេចស្ងួត)។ នេះបើតាមការបញ្ជាក់របស់លោក សេង វណ្ណធឿន ជំនួយការរបស់ប្រធានមន្ទីរកសិកម្មខេត្តកំពត។
លោក សេង វណ្ណធឿន បានឲ្យដឹងថា ចំពោះតម្លៃម្រេចនៅនេះ គឺនៅដដែល ដោយម្រេចក្រហមតម្លៃ ២៥ដុល្លា/គីឡូក្រាម, ម្រេចខ្មៅតម្លៃ ១៥ដុល្លា/គីឡូក្រាម, ម្រេចសតម្លៃ ២៨ដុល្លា/គីឡូក្រាម។ ហើយនៅក្នុងឆ្នាំ២០២២នេះ ម្រេចកំពតមានតម្រូវការទីផ្សារច្រើន បើធៀបទៅនឹងឆ្នាំមុន។
បើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា រយៈពេល៥ ខែដើមឆ្នាំ ២០២២ ការនាំចេញម្រេចសម្រេចបានជាង ៥ ៥៥៨ តោនថយចុះ ២៥.៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាមជាង ៥ ១៣១តោន, អាល្លឺម៉ង់ ៣៥៥តោន, កោះតៃវ៉ាន់២១ តោន, ម៉ាឡេស៊ីជាង ១៣ តោន, បារាំងជាង១០តោន និងទៅប្រទេសមួយចំនួនទៀតដូចជា បែលហ្ស៊ិក ជប៉ុន ឆេក ស៊ុយអ៊ែត កាណាដា អាមេរិក ឥណ្ឌា ចក្រភពអង់គ្លេស កាហ្សាក់ស្ថាន កូរ៉េ និងប្រទេសអូស្ត្រាលី ៕