Yearendyearend1140x150
Img 0571

កម្ពុជា-អារ៉ាប់រួម សហការគ្នាបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងពាណិជ្ជកម្មកម្ពុជា)

ភ្នំពេញ៖ កម្ពុជា-អារ៉ាប់រួម បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើថែមមួយកម្រិតទៀត ជាពិសេសគឺបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែខ្ពស់ជាងមុនបន្ថែមទៀត។

នៅក្នុងឱកាសពិភាក្សាការងារតាមប្រព័ន្ធវីដេអូរវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយអនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា អេមីរ៉ាតអារ៉ាប់រួម គឺជាទីផ្សារធំមួយ ដែលឈរក្នុងលំដាប់ទី២៦ សម្រាប់ការនាំចេញទំនិញមកពីកម្ពុជា។ បើផ្អែកតាមទិន្នន័យពាណិជ្ជកម្មកម្ពុជា ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីត-១៩ក្ដី ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរសម្រេចបានប្រមាណ ១៥០លានដុល្លារក្នុងឆ្នាំ២០២១ ដែលកើនឡើង៥៣% ធៀបនឹងឆ្នាំ២០២០។

ក្នុងនោះ កម្ពុជានាំចេញមុខទំនិញទៅអេមីរ៉ាតអារ៉ាប់រួម ដូចជា៖ វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ អង្ករ ។ល។ ដោយឡែក ចំពោះការនាំចូលពីអេមីរ៉ាត អារ៉ាប់រួម មានដូចជា៖ ផលិតផលប្រេង ចំណីសត្វ ជី រ៉ែ ថ្នាំជក់ និងផលិតផលធ្វើពីសេរ៉ាមិក ជាដើម។

ជាកិច្ចឆ្លើយតប ឯកឧត្តម Thani bin Ahmed Al Zeyoudi អនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មយ៉ាងល្អរវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់លើសក្ដានុពលកំណើនសេដ្ឋកិច្ចកម្ពុជានាពេលអនាគត ហើយបានបង្ហាញពីឆន្ទៈ និងគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមមួយកម្រិតទៀត។

ក្នុងឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់ និងបង្ហាញសុទិដ្ឋិនិយម ព្រមទាំងចក្ខុវិស័យរបស់ប្រទេសទាំងពីរ សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក តាមរយៈការធ្វើពិពិធកម្មទីផ្សារនាំចេញ រវាងប្រទេសទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង