ភ្នំពេញ៖ ឯកឧត្ដម ហង់ជួន ណារ៉ុន កាលពីថ្ងៃទី០៥ កក្កដា ក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកស្ដីពីការអភិវឌ្ឍកុមារតូច លើប្រធានបទវិបត្តិកុមារតូច ចំពោះការឆ្លើយតបវិបត្តិកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងការធ្លាក់ចុះបរិស្ថាន បានអំពាវនាវគ្រប់ប្រទេសត្រូវរួមគ្នាអនុវត្តសកម្មភាព ដើម្បីការពារ និងអភិវឌ្ឍកុមារតូច។
ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច បានមានប្រសាសន៍នៅក្នុង ពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ថា គ្រប់ប្រទេសត្រូវរួមគ្នាអនុវត្តសកម្មភាព ជាពិសេសត្រូវពិនិត្យឡើងវិញអាទិភាពគោលនយោបាយដើម្បីបង្កើនការវិនិយោគ និងកំណត់កម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូច ក្នុងចំណោមរដ្ឋជាសមាជិក។
ឯកឧត្ដម ហង់ជួន ណារ៉ុន បានមានប្រសាសន៍បន្ដទៀតថា គ្រប់ប្រទេសត្រូវយកចិត្តទុកដាក់លើ ផលប៉ះពាល់ជាក់ស្ដែងនៃវិបត្តិនៃការរីករាលដាលកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងការធ្លាក់ចុះនៃបរិស្ថាន ដោយមិនត្រូវយកចិត្តទុកដាក់តែសារៈសំខាន់ក្នុងការពង្រឹងកម្មវិធីឬការអនុវត្តប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតពីការពង្រឹងប្រព័ន្ធការងារគាំពារ និងអភិវឌ្ឍកុមារតូចទាំងមូលដើម្បីបង្កើនភាពធន និងប្រឈមបាននឹងវិបត្តិទាំងនេះ ព្រោះការវិនិយោគលើការងារគាំពារ និងអភិវឌ្ឍកុមារជាការងារអាទិភាព។
គួរបញ្ជាក់ថា សន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកស្ដីពីការអភិវឌ្ឍកុមារតូច លើប្រធានបទវិបត្តិកុមារតូច ចំពោះការឆ្លើយតបវិបត្តិកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងការធ្លាក់ចុះបរិស្ថាន ត្រូវបានរៀបចំដោយ បណ្ដាញការងារកុមារតូចតំបន់អាស៊ីប៉ាស៊ីហ្វិក (ARNEC) តាមរយៈប្រព័ន្ធអនឡាញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែកក្កដា៕