
អ៊ីតាលី៖ ថ្មីៗនេះ ប្រទេសអ៊ីតាលីបានទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយទីក្រុងចំនួនពីរបាននាំមុខគេក្នុងការចាត់វិធានការសន្សំសំចៃទឹក និងកំណត់កម្រិតលើការប្រើប្រាស់ទឹករបស់អ្នកស្រុក។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រដ្ឋាភិបាលកណ្តាលអ៊ីតាលីនឹងដាក់ចេញនូវវិធានការជាក់លាក់ ដើម្បីដោះស្រាយគ្រោះរាំងស្ងួតនៅថ្ងៃទី៤។
ប្រទេសអ៊ីតាលី បានរងការវាយប្រហារដោយរលកកម្ដៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយមានភ្លៀងធ្លាក់តិចតួច ដែលធ្វើឲ្យទន្លេ Po ជាទន្លេវែងជាងគេក្នុងប្រទេសកំពុងជួបវិបត្តិកង្វះទឹក។
ទីក្រុង Verona ភាគខាងជើងនៃប្រទេសអ៊ីតាលី បានចេញការរឹតបន្តឹងលើការប្រើប្រាស់ទឹកនៅថ្ងៃទី ២ដោយតម្រូវឱ្យប្រើប្រាស់ទឹកសម្រាប់តែ "ការសម្អាតផ្ទាល់ខ្លួន អនាម័យ និងគោលបំណងគ្រួសារផ្សេងទៀត"។
ចាប់ពីម៉ោង ៦៖០០ ដល់ ២១៖០០ ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋក្នុងតំបន់មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ទឹកស្អាតសម្រាប់លាងរថយន្ត ស្រោចទឹកសួនច្បារ ឬចាក់ចូលក្នុងអាងហែលទឹកនោះទេ។ ក្រៅពីនេះអ្នកស្រុកក៏អាចសន្សំសំចៃទឹកដោយស្ម័គ្រចិត្ត។
ការរឹតបន្តឹងនេះ នឹងបន្តរហូតដល់ថ្ងៃទី ៣១ ខែសីហា ហើយអ្នកល្មើសនឹងប្រឈមនឹងការផាកពិន័យរហូតដល់ ៥០០ អឺរ៉ូ។
ទីក្រុង Pisa ក្នុងតំបន់ Tuscany បានណែនាំវិធានការស្រដៀងគ្នានេះ ដោយកំណត់ថាទឹកផឹកអាចប្រើបានសម្រាប់តែសកម្មភាពគ្រួសារប៉ុណ្ណោះ។ វិធានការនេះគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ១១។
ភាគខាងជើងប្រទេសអ៊ីតាលី ត្រូវបានរងផលប៉ះពាល់ជាពិសេសដោយគ្រោះរាំងស្ងួត ហើយទីក្រុងដូចជា Milan បានបិទប្រភពទឹកធំៗ។ តំបន់មួយចំនួនបានស្នើឱ្យរដ្ឋាភិបាលកណ្តាលប្រកាសរដ្ឋក្នុងភាពអាសន្ន ដើម្បីទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ និងការគាំទ្រផ្នែកការពារស៊ីវិល។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីអ៊ីតាលី Mario Draghi ដែលនិយាយថារដ្ឋាភិបាលកណ្តាលនឹងដាក់ចេញនូវវិធានការនៅថ្ងៃទី ៤ ដើម្បីចាប់ផ្តើមផែនការជំនួយសង្គ្រោះបន្ទាន់សម្រាប់តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយគ្រោះរាំងស្ងួត៕