
ភ្នំពេញ៖ រដ្ឋាភិបាលចិន បានកែតម្រូវលក្ខខ័ណ្ឌជាច្រើនក្នុងការបង្ការ និង គ្រប់គ្រងពីចម្ងាយពីការឆ្លងជំងឺកូវីដ-១៩ ហើយបានចិនលុបចោលការធ្វើ«ចត្តាឡីស័ក»នៅកម្ពុជាមុនហោះទៅចិន។ចាប់ពីថ្ងៃទី ១ កក្កដា ២០២២តទៅ សម្រាប់អ្នកដំណើរមុនពេលចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន មិនចាំបាច់ធ្វើចត្តាឡីស័កទៀតឡើយ ខណៈជើងហោះហើរទៅកាន់ប្រទេសចិន បានកើនឡើងដល់៦ជើងក្នុងមួយសប្តាហ៍។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតចិន បានគូសបញ្ជាក់ថា តាមការស្ថានភាពជំងឺកូវីដ-១៩នាពេលថ្មីៗនេះ ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១ ខែកក្កដាតទៅ បានកែតម្រូវលក្ខខ័ណ្ឌជាច្រើនសម្រាប់អ្នកដំណើរពីប្រទេសកម្ពុជា ហោះហើរចូលទៅកាន់ប្រទេសចិន។
បើតាមសេចក្តីជូនដំណឹង ការរៀបចំការធ្វើតេស្តមុនពេលឡើងយន្តហោះ អ្នកដំណើរទាំងអស់ដែលធ្វើដំណើរពីកម្ពុជាត្រូវតែឆ្លងកាត់ការធ្វើតេស្តកូវីដ-១៩ ចំនួន២ដង ដែលត្រូវតែធ្វើឡើងនៅស្ថាប័នស្របច្បាប់ចំនួន២ គឺវិទ្យាស្ថានជាតិសុខភាពសាធារណៈ(NIPH) និង មន្ទីរពេទ្យព្រះកេតុមាលា។ការធ្វើតេស្តលើកទី១ ធ្វើឡើងក្នុងរយៈពេល៤៨ម៉ោងមុនឡើងយន្តហោះនៅវិទ្យាស្ថានNIPH និង លើកទី២ ត្រូវធ្វើឡើងក្នុងរយៈពេល២៤ម៉ោងមុនពេលឡើងយន្តហោះនៅមន្ទីរពេទ្យព្រះកេតុមាលា ។
ចំពោះអ្នកដំណើរធ្លាប់ឆ្លងកូវីដត្រូវតែធ្វើតេស្ដ២លើកដែលមានគម្លាតលើសពី ២៤ ម៉ោងនៅស្ថាប័នធ្វើតេស្តខាងលើ។បើសិនជាលទ្ធផលសុទ្ធតែបង្ហាញថា អវិជ្ជមាន ត្រូវធ្វើការធ្វើតេស្តសុខភាពចំនួន១៤ថ្ងៃ នៅពេលបញ្ចប់ការធ្វើតេស្តសុខភាពរួចរាល់ គឺអាចអនុវត្តន៍នីតិវិធីពាក់ព័ន្ធក្នុងការឡើងយន្តហោះជាធម្មតាបាន។
ចំណែកអ្នកប៉ះពាល់ផ្ទាល់ជិតស្និទសំដៅទៅលើអ្នកដែលរួមដំណើរ ឬអ្នកមានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក អស់កម្លាំង និង ពិបាកដកដង្ហើម មុនពេលឡើងយន្តហោះ គឺតម្រូវឱ្យធ្វើការត្រួតពិនិត្យសុខភាពរយៈពេលចំនួន ៥ ថ្ងៃ។ នៅពេលបញ្ចប់ការធ្វើតេស្តសុខភាពរួចរាល់ គឺអាចធ្វើដំណើរត្រឡប់ទៅប្រទេសចិនជាធម្មតា ។
ស្ថានទូតចិនបានពន្យល់ទៀតថា ស្នើសុំលេខកូដសុខភាពរាល់អ្នកដំណើរកម្ពុជាទៅចិន រាល់លើកពេលធ្វើតេស្តកូវីដ១៩រួចរាល់ត្រូវរាយការណ៍ លទ្ធផលទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ភ្លាម ដើម្បីអោយក្រុមហ៊ុនធ្វើការស្នើសុំលេខកូដសុខភាពជាក្រុម។
ការអនុវត្តនេះ នឹងអនុវត្តចំពោះអ្នកដំណើរដែលធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនក្រោយថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២។ឯអ្នកដំណើរមុនកាលបរិច្ឆេទនេះ ត្រូវអនុវត្តតាមនីតិវិធីពាក់ព័ន្ធតាមការតម្រូវដោយសេចក្តីជូនដំណឹងរបស់ស្ថានទូតចិន៕