
តួកគី៖ ប្រទេសតួកគី ហ្វាំងឡង់ និងស៊ុយអែត បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅទីក្រុងម៉ាឌ្រីដ រដ្ឋធានីនៃប្រទេសអេស្បាញកាលពីថ្ងៃទី ២៨ ដោយបញ្ជាក់ថា តួកគីបានយល់ព្រមគាំទ្រហ្វាំងឡង់ និងស៊ុយអែតឱ្យចូលរួមជាមួយអង្គការណាតូ។
តួកគី នឹងគាំទ្រការអញ្ជើញប្រទេសហ្វាំងឡង់ និងស៊ុយអែតចូលទៅក្នុងអង្គការណាតូនៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនៅក្នុងប្រទេសអេស្ប៉ាញ។ ប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto បានប្រកាសបែបនេះកាលពីថ្ងៃទី២៧ បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីតួកគីលោក Recep Tayyip Erdogan និងនាយករដ្ឋមន្ត្រីស៊ុយអែត Magdalena Andersson ។
ប្រទេសទាំងបីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅក្នុងកិច្ចប្រជុំនេះ ដែលរៀបចំឡើងដោយមានការគាំទ្រពីអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ។
ប្រទេសតួកគី ហ្វាំងឡង់ និងស៊ុយអែតបានសន្យាថានឹង "ថ្កោលទោសអំពើភេរវកម្មក្នុងគ្រប់ទម្រង់ទាំងអស់" និងបញ្ចប់ការគាំទ្ររបស់ពួកគេចំពោះអង្គការដែលទីក្រុងអង់ការ៉ាចាត់ទុកថាជាអង្គការភេរវករ រួមទាំងក្រុមឃឺដ PKK និង YPG ក៏ដូចជាចលនាដែលដឹកនាំដោយបព្វជិតនិរទេស Fetullah Gulen ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះ លោក Stoltenberg បាននិយាយថា ប្រទេសហ្វាំងឡង់ និងស៊ុយអែត នឹងក្លាយជាអ្នកសង្កេតការណ៍នៅក្នុងអង្គការណាតូនៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខ។លោកបានបន្ថែមថា អនុស្សរណៈនេះរួមមានបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការនាំចេញអាវុធ រួមទាំងការអនុម័តច្បាប់ជាតិដ៏តឹងរ៉ឹង។
ប្រទេសហ្វាំងឡង់ និងស៊ុយអែត បានដាក់ទណ្ឌកម្មអាវុធប្រឆាំងនឹងតួកគីក្នុងឆ្នាំ ២០១៩ ជុំវិញអន្តរាគមន៍របស់ទីក្រុងអង់ការ៉ាក្នុងប្រទេសស៊ីរី។ តួកគីក៏បានរាយការណ៍ថា បានទាមទារឱ្យទីក្រុង Stockholm និង Helsinki បិទការិយាល័យ និងហាមឃាត់ការបោះពុម្ពផ្សាយដែលជាកម្មសិទ្ធិរបស់ FETO បង្កកទ្រព្យសម្បត្តិទាក់ទងនឹងក្រុមដែលខ្លួនបានកំណត់ថាជាភេរវករ ហើយថែមទាំងហាមមិនឲ្យពួកគេធ្វើបាតុកម្មជាសាធារណៈ៕