ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានចេញនូវផ្សាយសេចក្តីជូនដំណឹង លើគណនី WeChat ជាផ្លូវការរបស់ខ្លួន ដោយបានក្រើនរំលឹកដល់ពលរដ្ឋចិន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការបោកប្រាស់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។ការក្រើនរំលឹកនេះ ធ្វើឡើងក្រោយពីស្ថានទូតនេះសង្កេតឃើញថា មានករណីរងរបួស និង ស្លាប់មិនប្រក្រតីជាបន្តបន្ទាប់ពាក់ព័ន្ធនឹងពលរដ្ឋចិន។
ស្ថានទូតចិន បានពន្យល់ថា ក្រុមបោកប្រាស់តាម«ល្បែងអនឡាញ»មួយចំនួន បានរៀបចំជាអន្ទាក់នៃការជ្រើសរើសបុគ្គលិកដែលមានប្រាក់ខែខ្ពស់ជានុយសម្រាប់ទាក់ទាញជនរងគ្រោះ ជាពិសេស ជាពលរដ្ឋចិនឱ្យចូលមកធ្វើការក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។ការបោកប្រាស់ល្បែងស៊ីសង តាមប្រព័ន្ធអ៊ីនធឺណែតនេះ បានបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួនឯង ហើយអ្នកដែលបំពានច្បាប់ត្រូវតែទទួលទោសធ្ងន់ធ្ងរផងដែរ។
បើតាមស្ថានទូតចិន រដ្ឋាភិបាលកម្ពុជា បានប្រកាសហាមប្រាមការលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេត ហើយអាជ្ញាធរអនុវត្តច្បាប់នៃប្រទេសចិន និងកម្ពុជានឹងបន្តបង្កើនការបង្រ្កាបរួមគ្នាលើការបោកប្រាស់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេត និងឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងពលរដ្ឋចិន ដើម្បីធានានូវការពារសុវត្ថិភាព និងសិទ្ធិ និង ផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិនក្នុងប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាព។
ស្ថានទូតចិនស្វាគមន៍ ចំពោះការរាយការណ៍តម្រុយករណីខុសច្បាប់ និង លើកទឹកចិត្តក្នុងការសារភាពទោសកំហុសរបស់ខ្លួន។ ពលរដ្ឋចិននៅប្រទេសកម្ពុជាអាចរាយការណ៍តម្រុយពាក់ព័ន្ធនឹងករណីនេះទៅកាន់វេទិការរាយការណ៍ពហុករណីសម្រាប់ការប្រយុទ្ធប្រឆាំង និង គ្រប់គ្រងល្បែងស៊ីសងឆ្លងដែននៃក្រសួងសន្តិសុខសាធារណៈនៃប្រទេសចិន ការិយាល័យសហប្រតិបត្តិការ និងសម្របសម្រួលការអនុវត្តច្បាប់កម្ពុជា-ចិន។
ក្នុងករណីមានការបោកប្រាស់ ការចាប់ជំរិត ការរឹតត្បិតសេរីភាពផ្ទាល់ខ្លួនដោយខុសច្បាប់ជាដើម ត្រូវរាយការណ៍ទៅកាន់នគរបាលប្រទេសកម្ពុជាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងជូនដំណឹងទៅស្ថានទូតអំពីស្ថានភាពនេះ។
ស្ថានទូតចិនបានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធក្នុងការបោកប្រាស់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេត ត្រូវបានលើកទឹកចិត្តឱ្យចូលសារភាពទោសកំហុសរបស់ខ្លួន និងលាតត្រដាងនូវឧក្រិដ្ឋកម្មដែលពាក់ព័ន្ធ ដើម្បីខិតខំក្នុងការស្នើសុំបន្ធូរបន្ថយទោសតាមច្បាប់៕