
ភ្នំពេញ៖ អ្នករកស៊ីធ្វើអាជីវកម្មតាមរយ:ប្រព័ន្ធអនឡាញ បានសម្រុកនាំគ្នាទៅក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើការស្នើសុំចុះបញ្ជី និង ពិភាក្សាអំពីព័ត៌មានផ្សេងៗស្ដីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ សកម្មភាពនេះ កើតមានក្រោយពីក្រសួងពាណិជ្ជកម្មបានប្រកាសថា ក្រសួងនឹងផាកពិន័យទៅលើអ្នកប្រកាបអាជីវកម្ម តាមរយ:ប្រព័ន្ធអនឡាញដែលមិនបានស្នើចុះបញ្ជីពាណិជ្ជកម្មជាមួយនឹងក្រសួង ចាប់ពីថ្ងៃទី០១ ខែកក្កដាខាងមុខនេះ។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ការចុះបញ្ជី និង អាជ្ញាប័ណ្ណនេះ គឺក្រសួងបានធ្វើការពន្យារពេលចំនួន៣លើករួចមកហើយ ហើយនេះគឺជាកាតព្វកិច្ចមួយដែលតម្រូវឱ្យអ្នករកស៊ីតាមប្រព័ន្ធអនឡាញត្រូវតែមកបំពេញកាតព្វកិច្ចមួយនេះ។
បើតាម ឯកឧត្តម ប៉ែន សុវិជាតិ មកទល់ពេលនេះ គឺជាពេលជិតដល់កាលកំណត់ការផាកពិន័យសម្រាប់អ្នករកស៊ីតាមប្រព័ន្ធអនឡាញ មានអ្នករកស៊ីតាមប្រព័ន្ធអនឡាញយ៉ាងច្រើន បានមកក្រសួងពាណិជ្ជកម្ម ដើម្បីស្នើសុំលិខិតអនុញ្ញាតនិងអាជ្ញាប័ណ្ណតាមប្រព័ន្ធអនឡាញ បង្កឱ្យមន្រ្តីមួយចំនួនមិនអាចផ្ដល់សេវា ឬឆ្លើយតបទៅនឹងសេចក្តីត្រូវការនេះបានទាន់ពេល។
ឯកឧត្តមបន្តថា មកទល់ពេលនេះ ក្រសួងក៏ពុំទាន់បានសរុបស្ថិតិនៃការចុះបញ្ជីរបស់អ្នកប្រកបអាជីវកម្មតាមប្រព័ន្ធអនឡាញនោះឡើយទេ ប៉ុន្តែក្រសួងកំពុងធ្វើការត្រួតពិនិត្យក្នុងការផ្ដល់អាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតដល់ក្រុមហ៊ុនមួយចំនួនធំរួចរាល់ហើយ។ ចំពោះលិខិតអនុញ្ញាត និងអជ្ញាប័ណ្ណនេះគឺមានសុពលភាព ២ឆ្នាំសម្រាប់បុគ្គល ហើយសម្រាប់លក្រុមហ៊ុនគឺមានសុពលភាព៣ឆ្នាំ។
គួរបញ្ជាក់ថា បើបុគ្គលឬក្រុមហ៊ុនប្រកបអាជីវកម្មតាមប្រព័ន្ធអនឡាញណាមួយដែលខកខានឬមិនបានស្នើសុំការចុះបញ្ជីពាណិជ្ជកម្មជាមួយក្រសួង នោះក្រសួងនឹងធ្វើការផាកពិន័យទៅតាមច្បាប់ដែលបានកំណត់ចំនួន១០លានរៀល៕