
ភ្នំពេញ៖ ម៉ាកអង្ករសមូហភាព«SKO»នៃពូជស្រូវសែនក្រអូប ០១ និង ម៉ាកអង្ករសមូហភាព «DSMK» នៃពូជស្រូវដំណើបស្បៃមង្គល ត្រូវបានសម្ពោថជាផ្លូវការនៅថ្ងៃទី២៣ ខែមិថុនានេះ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា។ កម្មវិធីនេះរៀបចំឡើងដោយ សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមជំនួយហិរញ្ញវត្ថុពីក្រសួងការបរទេស និងពាណិជ្ជកម្ម ប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងមានការចូលរួមឧបត្ថម្ភពីគម្រោង AIM, CARDI និង ARDB។
បើតាមសេចក្ដីប្រកាសរបស់សហព័ន្ធស្រូវអង្ករកម្ពុជា គោលបំណងនៃការចុះឈ្មោះ និងបង្កើតម៉ាកសមូហភាពសម្រាប់ «SKO» និង «DSMK» គឺដើម្បីបង្កើតអត្តសញ្ញាណអង្ករក្រអូប និងអង្ករដំណើបកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយអង្ករក្រអូបស្រដៀងគ្នានៃប្រទេសផលិតអង្ករក្រអូបផ្សេងទៀត, បង្កើនការលក់អង្ករក្រអូបពូជស្រូវសែនក្រអូបនិងអង្ករដំណើបពូជស្រូវដំណើបស្បៃមង្គលនៅលើទីផ្សារអន្តរជាតិ។ គោលបំណងមួយទៀត គឺដើម្បីនាំយកម៉ាកអង្ករក្រអូបប្រណិត អង្ករក្រអូបកម្ពុជា និងអង្ករដំណើប ទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែកើនឡើងថែមទៀត ជាពិសេសបង្កើនតម្លៃអង្ករក្រអូប និងអង្ករដំណើប ជូនកសិករកម្ពុជា។
គួរបញ្ជាក់ថា បច្ចុប្បន្នពូជស្រូវ “សែនក្រអូប០១” បាននិងកំពុងរីកសាយភាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពូជស្រូវនេះផ្តល់នូវទិន្នផលខ្ពស់ ហើយមានក្លិនក្រអូប គុណភាពអង្ករល្អ មានភាពថ្លាវែងរលូន និងបាយទន់ឆ្ងាញ់ពិសារទៀតផង។ ជាពិសេសទៅទៀត ជាពូជដែលប្រភេទអង្ករមានតម្លៃល្អ និងមានតម្រូវការខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ ហើយដើម្បីបង្កើននូវសក្តានុពលនៃពូជ “សែនក្រអូប០១” ម៉ាកសមូហភាព «SKO» ត្រូវបានរៀបចំការរចនា ការតាក់តែងនូវលក្ខន្តិកៈ ការងាបច្ចេកទេសចុះបញ្ជីជាម៉ាកសមូហភាព និងទទួលបានការអនុម័តដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២២ មិថុនា ឆ្នាំ ២០២២។
រីឯម៉ាកសមូហភាព «DSMK» តំណាងឱ្យអង្ករដំណើបស្បៃមង្គលត្រូវបានរៀបចំការរចនា ការតាត់តែងនូវលក្ខន្តិកៈ ការងារបច្ចេកទេសចុះបញ្ជី ជាម៉ាកសមូហភាព និងទទួលបានការអនុម័តដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២២៕



