Yearendyearend1140x150
Img 0571

ក្រសួងទេសចរណ៍រៀបចំ"កញ្ចប់ទស្សនកិច្ចទៅពហុកីឡដ្ឋានជាតិមរតកតេជោ"ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍) 

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បានសហការណ៍ជាមួយនាយកដ្ឋានគ្រប់គ្រងពហុកីឡដ្ឋានជាតិមរតកតេជោក្នុងការរៀបចំ"កញ្ចប់ទស្សនកិច្ចទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ" សំដៅចូលរួមផ្សព្វផ្សាយ និងជំរុញចលនាទេសចរណ៍ផ្ទៃក្នុងដោយអនុឡោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី"។

បើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ ការរៀបចំ "កញ្ចប់ទស្សនកិច្ចទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ" ត្រូវបានគេរំពឹងថានឹងចូលរួមជំរុញ និងសម្រួលដល់ការសិក្សាស្វែងយល់របស់សិស្ស និស្សិត សាស្រ្តាចារ្យ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំពីផលិតផលទេសចរណ៍ ក៏ដូចជាសមិទ្ធផលជាតិថ្មីៗ និងសំខាន់ៗ ដែលមាននៅក្នុងរាជធានីភ្នំពេញ ដោយធ្វើការផ្សារភ្ជាប់ពហុកីឡាដ្ឋានជាតិមរតកតេជោជាមួយនឹងគោលដៅដែលមានសក្តានុពលដ៏ទៃទៀតនៅជុំវិញ មានជាអាទិ៍ វិមានឈ្នះ ឈ្នះ សួនសត្វភ្នំពេញសាហ្វារី សួនទឹកហ្គាឌិនស៊ីធី ទីលានវាយកូនហ្គោលហ្គាឌិនស៊ីធី។ល។

ជាមួយគ្នានេះដែរ កញ្ចប់ទស្សនកិច្ចនេះ ក៏មានការកំណត់ប្រភេទ និងការបង្កើតជំរើសក្នុងដំណើរកម្សាន្តនេះផងដែរ ដែលរួមបញ្ចូល ដំណើរកម្សាន្តបែបគ្រួសារ (Family Entertainment), ដំណើរកម្សាន្តបែបទស្សនកិច្ចសិក្សាស្វែងយល់ (Educational Tour) និងដំណើរកម្សាន្តបែបទស្សនកិច្ចផ្សារភ្ជាប់នឹងព្រឹត្តិការណ៍កីឡា (Sport Event)។

សូមរំលឹកថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានកសាងឡើងក្រោមចំណងមិត្តភាព កម្ពុជា-ចិន ដែលជាជំនួយឥតសំណងពីមិត្តចិន ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់កាលពីខែសីហា ឆ្នាំ២០២១។ វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ។ វា គឺជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ដោយបរិវេណខាងក្រៅអាចមានលទ្ធភាពផ្ទុកអ្នកទស្សនាបន្ថែមប្រមាណ២មឺននាក់ បន្ថែម និងមានសមត្ថភាពទទួលរៀបចំព្រឹត្តិ ការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង