
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា បានជំរុញនិងស្នើសុំសភាពាណិជ្ជកម្មអាម៉េរិក ធ្វើយ៉ាងណាជួយជំរុញឱ្យប្រព័ន្ធអនុគ្រោះទូទៅ(GSP)មកកម្ពុជាឡើងវិញ ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អាម៉េរិក ការធ្វើឱ្យប្រសើរឡើងចំពោះទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ការស្នើសុំនេះធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់សភាពាណិជ្ជកម្មកម្ពុជានៅសហរដ្ឋាអាមេរិកកាលពីពេលថ្មីៗនេះ។
នេះជាលើកទី១ដែលសភាពាណិជ្ជកម្មកម្ពុជា បានជួបផ្ទាល់ជាមួយសភាពាណិជ្ជកម្មអាម៉េរិក ក្នុងការចរចាលើការងារពាណិជ្ជកម្ម ហើយវាក៏ជាសញ្ញាល្អមួយ សម្រាប់ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជានិងអាម៉េរិក។នេះជាការលើកឡើងរបស់លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ស៊ីសីថាមស៍។
លោកឧកញ៉ា លឹម ហេង បានចាត់ទុកដំណើរទស្សនកិច្ចលើទឹកដីអាម៉េរិកពេលនេះ គឺបានបង្ហាញពីជោគជ័យមួយដ៏ល្អ សម្រាប់ការនាំចេញរបស់កម្ពុជាមកកាន់អាម៉េរិក ហើយការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏អាចនឹងផ្ដើមរីកចម្រើន។
បើតាមអ្នកជំនាញរូបនេះ សហរដ្ឋអាម៉េរិក គឺជាទីផ្សារធំមួយសម្រាប់កម្ពុជា ក្នុងការនាំទំនិញយកទៅលក់ដែលផ្តល់នូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម នៅក្រោមកម្មវិធីនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែលហៅកាត់ថា (GSP) ដែលធ្វើឲ្យកម្ពុជាអាចនាំទំនិញជាច្រើនមុខចេញទៅកាន់សហរដ្ឋអាមេរិក ដោយមិនបង់ពន្ធគយ រួមមានកាតាប កាបូប សម្លៀកបំពាក់ ស្បែកជើងជាដើម។
របាយការណ៍កាលពីឆ្នាំ២០២០ កម្ពុជាបាននាំទំនិញទៅអាម៉េរិកក្នុងទំហំជាទឹកប្រាក់ប្រមាណជា ៦,៥ ពាន់លានដុល្លារដែលភាគច្រើនជាផលិតផលសម្លៀកបំពាក់ ក្នុងនោះទំហំទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារអាមេរិកមិនត្រូវបានគិតពន្ធនោះទេ ក្រោមប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិកនេះ។
គួរបញ្ជាក់ថា កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិកដែលផ្តល់មកកម្ពុជា ត្រូវបានហួសសុពលភាពតាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយការហួសសុពលភាពនេះ បានប៉ះពាល់ទៅលើអ្នកបញ្ជាទិញដែលតម្រូវឱ្យបង់ពន្ធនាំចូល៕