ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នឹងមានតម្លៃ៥.៨០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៦.៣០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
បើតាមសេចក្តីជូនដំណឹង ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី២១ ដល់៣០ ខែមិថុនា ឆ្នាំ២០២២ នឹងត្រូវលក់ ៦.០៦៤ រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៦.៥៦៤រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។
សេចក្តីជូនដំណឹងបន្តថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦.៥សេនដុល្លារ/លីត្រ ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នឹងមានតម្លៃ៥.៨០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៦.៣០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។
គួរបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ មានតម្លៃ៥.៨០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៦.១០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ខណៈតម្លៃប្រេងសាំងស៊ុបពែរមានតម្លៃជាង៦០០០រៀល៕