
ភ្នំពេញ៖ គិតមកដល់បច្ចុប្បន្ននេះ វៀតណាមមានគម្រោងវិនិយោគចំនួន១៨៨គម្រោងនៅកម្ពុជា ក្នុងដើមទុនចុះបញ្ជីសរុបចំនួន២.៨ពាន់លានដុល្លារអាមេរិក ដោយរក្សាបានចំណាត់ថ្នាក់លេខ១ក្នុងអាស៊ាន និងចំណាត់ថ្នាក់លេខ៥ ក្នុងបណ្ដាប្រទេសដែលវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា។ នេះជាការលើកឡើរបស់ឯកឧត្តម Phạm Minh Chính នាយករដ្ឋមន្ត្រីវៀតណាម នៅក្នុងឱកាសអញ្ជើញចូលរួមប្រារព្ធខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) និងសម្ពោធសមិទ្ធិផលមួយចំនួននៅព្រំដែនកម្ពុជា-វៀតណាម។
នៅក្នុងឱកាសនេះ ឯកឧត្តម Phạm Minh Chính បានលើកឡើងថា នៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានជួយគ្នាទៅវិញទៅមកបានទាន់ពេលវេលា ជាពិសេសបានផ្ដល់នូវសម្ភារៈវេជ្ជសាស្រ្ត សាច់ប្រាក់ និងវ៉ាក់សាំងជាដើម។
ឯកឧត្តមបន្តថា ជាមួយគ្នានេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមក្នុងឆ្នាំ២០២១ សម្រេចបានជាង ៤.៥ពាន់លានដុល្លារអាម៉េរិក កើនឡើង៨០ភាគរយ បើធៀបជាមួយឆ្នាំ២០២០ ក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រេចបាន ៥.៤៤ពាន់លានដុល្លារអាម៉េរិក កើនឡើង២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
សូមរំលឹកផងដែរថា ប្រទេសវៀតណាមបានចាប់ផ្តើមវិនិយោគនៅកម្ពុជាចាប់ពីឆ្នាំ២០០៥។ ចាប់ពីឆ្នាំ២០១៥ រហូតមកទល់ឆ្នាំ២០២០ កម្ពុជាទទួលបានគម្រោងជាមធ្យមចំនួន១០ក្នុងមួយឆ្នាំ ដែលមានទុនវិនិយោគសរុប ប្រមាណពី ៣០-៧០ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ហើយភាគច្រើនផ្តោតលើវិស័យកសិកម្ម ធនាគារ និង ទូរគមនាគមន៍។ ប្រទេសទាំងពីរក៏នៅមានការវិវឌ្ឍលើវិស័យជាច្រើនផ្សេងទៀតដូចជា ទេសចរណ៍ ការផ្លាស់ប្តូរ វប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ ការអប់រំ ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្នែកសុខភាព សាធារណៈ៕



