Yearendyearend1140x150

កម្ពុជាចាប់ដៃឥណ្ឌា«ពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាឲ្យកាន់តែស៊ីជម្រៅ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ឯកឧត្តមប្រាក់ សុខុន និងនាយករដ្ឋមន្រ្តីឥណ្ឌា/ រូបថត៖ ក្រសួងការបរទេសកម្ពុជា

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជានាថ្ងៃទី ១៧ ខែមិថុនា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមដំណើរទស្សនៈកិច្ចនៅក្នុងប្រទេសឥណ្ឌាក្រោមមូលបទ «អាស៊ានរួមគា្នធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ។ ដំណើរទស្សនៈកិច្ចនេះធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ឥណ្ឌា រួមទាំងការកំណត់ឆ្នាំ២០២២ ជា «ឆ្នាំមិត្តភាពអាស៊ាន- ឥណ្ឌា» ជាមួយនឹងព្រឹត្តិការណ៍អមជាច្រើនដើម្បីលើកកម្ពស់ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌។

ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថ្លែងឲ្យដឹងថាជំនួបរវាងកម្ពុជានិងមេដឹកនាំឥណ្ឌាគឺជាដំណើរទស្សនៈកិច្ចដ៏ពិសេសក្នុងនោះមានចំណុចវិជ្ជមានជាច្រើនដែលជាស្ពានមួយសម្រាប់ពង្រឹងទំនាក់ទំនងកម្ពុជា-ឥណ្ឌាឲ្យកាន់តែមានភាពស្និតស្នាល។ ឯកឧត្តមបន្តថា ក្នុងការការបង្កើនវិសាលភាព កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាឲ្យកាន់តែស៊ីជម្រៅថែមទៀត លើវិស័យផ្សេងៗ ដើម្បីស្តារឡើងវិញពីជំងឺកូវីដ-១៩ ឲ្យមានភាពធន់ថែមទៀត និងដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នយូរអង្វែង នៅក្នុងតំបន់ ដែលមានសន្តិភាព ស្ថិរភាព និងសុខដុមរមនា។ ក្នុងចំណោមវិស័យនានាដែលបានរំលេចនៅក្នុងកិច្ចពិភាក្សា ជាអាទិ៍មាន៖ ការលើកកម្ពស់សមត្ថភាពសុខភាពសាធារណៈ ការផលិតវ៉ាក់សំាងបង្ការ ឱសថបុរាណ សេដ្ឋកិច្ចពណ៌ខៀវ កសិកម្មឆ្លាតវៃស្របអាកាសធាតុ ការគ្រប់គ្រងធនធានធម្មជាតិ ថាមពលស្អាត និងថាមពលកកើតឡើងវិញ ការអភិវឌ្ឍធនធានមនុស្សដោយផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការតភ្ជាប់ផ្លូវគោក-ផ្លូវអាកាស-ផ្លូវសមុទ្រ។

ដោយឡែករដ្ឋមន្ត្រីការទេសអាស៊ាន-ឥណ្ឌា បានលើកទឹកចិត្តឲ្យមានការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នូវមូលនិធិអាស៊ាន-ឥណ្ឌា (AIF) មូលនិធិបៃតងអាស៊ាន-ឥណ្ឌា (AIGF) មូលនិធិអភិវឌ្ឍន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាស៊ាន-ឥណ្ឌា ក៏ដូចជាការផ្តល់ជូនរបស់ឥណ្ឌានូវបន្ទាត់ឥណទាន សម្រាប់គម្រោងតភ្ជាប់នានា។ ដើម្បីសម្រួល និងបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ច រដ្ឋមន្ត្រីការទេសអាស៊ាន-ឥណ្ឌា បានគូសបញ្ជាក់អំពីសារសំខាន់ ក្នុងការពន្លឿនការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA) និងបានអំពាវនាវឱ្យធ្វើការចាប់ផ្តើម ឡើងវិញឲ្យបានរួសរាន់នូវទេសចរណ៍ប្រកបដោយចីរភាព និងសុវត្ថិភាព។ អាស៊ានក៏បានលើកទឹកចិត្តឥណ្ឌាឱ្យគាំទ្របដិវត្តន៍ឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងតំបន់ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងកម្លាំងពលកម្ម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ឥណ្ឌា ដើម្បីប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន និងចូលរួមយ៉ាងសកម្មជាមួយអាស៊ាន ក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ដូចបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់សហប្រធាននៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា។ ក្នុងវិស័យសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារសំខាន់ក្នុងកិច្ចប្រឹងប្រែងរួមគ្នាឡើងវិញទ្វេដង ដើម្បីសម្រេចបានគោលដៅពាណិជ្ជកម្មអាស៊ាន-ឥណ្ឌា ឲ្យបានចំនួន២០០ពាន់លានដុល្លារសហរដ្ឋអាមរិក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង