
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជារំពឹងថា នៅចុងឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជានឹងទទួលបានអ្នកដំណើរចូលមកកាន់ប្រទេសវិញតាមជើងហោះហើរដូចមុនពេលផ្ទុះកូវីដ-១៩។ នេះជាការលើកឡើងរបស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់ពីដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីពេលថ្មីៗនេះ។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ មានប្រសាសន៍ថា មុនពេលមានបញ្ហាកូវីដ១៩ ផ្ទុះរីករាលដាលខ្លាំង ពោលគឺកាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានអ្នកដំណើរជាង១១លាននាក់ តាមរយៈជើងយន្តហោះ ចំនួន១១៣០០០ជើងហោះហើរ ជាមួយនឹងក្រុមហ៊ុនអាកាសចរ ចំនួន៤៨ក្រុមហ៊ុន។
ឯកឧត្តមបន្តថា យ៉ាងណាក៏ដោយ កាលពី២ឆ្នាំកន្លងទៅ គឺនៅឆ្នាំ២០២០ និង ២០២១ ការធ្វើដំណើរបស់អ្នកដំណើរតាមផ្លូវអាកាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែការដាក់ចេញវិធានការរឹតបន្តឹងទប់ស្កាត់ការឆ្លងកូវីដ ដាក់ចេញដោយប្រទេសនីមួយៗ។ ប៉ុន្តែជាមួយនឹងជោគជ័យនៃការចាក់វ៉ាក់សាំង និងការដាក់ចេញវិធានការនានា ដាក់ចេញដោយរាជរដ្ឋាភិបាល រហូតមកដល់ចុងឆ្នាំ២០២១ ចំនួនអ្នកដំណើរតាមផ្លូវអាកាស ទាំងជាតិ និងបរទេស បានកើនឡើងវិញ ជាបណ្តើរៗវិញហើយ។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រំពឹងថា ការធ្វើចរាចរណ៍តាមផ្លូវអាកាសនៅកម្ពុជានឹងវិលមកភាពប្រក្រតីភាពវិញ នៅចុងឆ្នាំ២០២៣។ គិតមកដើមឆ្នាំ២០២២នេះ ការធ្វើដំណើរតាមផ្លូវអាកាស មានប្រមាណ៤០ភាគរយនៃចំនួនមុនពេលមានកូវីដ គឺធៀបនឹងឆ្នាំ២០១៩។
គួរបញ្ជាក់ដែរថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលទទួលបន្ទុកសាងសង់ដោយក្រុមហ៊ុនចិន សម្រេចបានជាង៣០ភាគរយហើយ គិតត្រឹមពាក់កណ្តាលខែមិថុនា គ្រោងនឹងបញ្ចប់រួចរាល់នៅឆ្នាំ២០២៤ និងដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០២៥៕