
ភ្នំពេញ៖ រដ្ឋាភិបាល បានព្យាករថាកម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ក្នុងរង្វង់ ៦,៦% ក្នុងនោះវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ជាវិស័យសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ការរំពឹងទុកនេះ ដោយសារការបន្តនិន្នាការល្អប្រសើរនៃតម្រូវការសកល និងការវិនិយោគ ស្របពេលដែលវិបត្តិជំងឺកូវីដ-១៩នៅកម្ពុជា មានភាពធូរស្រាល និងអាចគ្រប់គ្រងបាន។ ។ នេះបើតាមសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។
ការរំពឹងរបស់រាជរដ្ឋាភិបាល ថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើននៅឆ្នាំ២០២៣ក្នុងរង្វង់៦,៦% គឺដោយសារក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ នឹងបន្តរួមចំណែកដល់ការលូតលាស់នៃវិស័យ និងអនុវិស័យសំខាន់ៗ មួយចំនួន ដែលជាជន្ទល់សេដ្ឋកិច្ចជាតិ។
ចំពោះ វិស័យកសិកម្មត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងរង្វង់ ១,១% ក្នុងឆ្នាំ២០២៣ ដោយសារកំណើនរឹងមាំនៃអនុវិស័យចិញ្ចឹមសត្វ(១,០%) និងអនុវិស័យដំណាំ(១,៦%) ស្របពេលដែលអនុវិស័យនេសាទត្រូវបានរំពឹងថានឹងបន្តងើបឡើងវិញសន្សឹមៗ(០,៦%)។
វិស័យឧស្សាហកម្មវិញ ត្រូវរដ្ឋាភិបាលរំពឹងថានឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៩,២% ក្នុងឆ្នាំ២០២៣ ដែលនេះកំពុងវិលទៅរកនិន្នាការកំណើនមុនពេលវិបត្តិកូវីដ-១៩។ វិស័យឧស្សាហកម្មនេះបានគាំទ្រដោយអនុវិស័យសំខាន់ៗមួយចំនួនដូចជា អនុវិស័យកាត់ដេរ ដែលនឹងមានកំណើនក្នុងរង្វង់ ៨,១% អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ(១៣,៣%) អនុវិស័យសំណង់ (៧,២%)។
វិស័យសេវាកម្មវិញ ក៏ត្រូវបានព្យាករថាមានកំណើនដែរនៅក្នុងរង្វង់ ៦,៦% ក្នុងឆ្នាំ២០២៣ ដោយសារការងើបឡើងវិញនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាននៅក្នុងអត្រា ២៣,៤% ដោយសំអាងទៅលើការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិ។ វិស័យនេះត្រូវបានគាំទ្រដោយអនុវិស័យលក់ដុំ និងរាយ(៦,៧%) អនុវិស័យអចលនទ្រព្យ(៥,២%) អនុវិស័យដឹកជញ្ជូន និងគមនាគមន៍(៧,១%)។