
សៀមរាប៖ ពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ លើកទី១៥ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅក្រុងសៀមរាប ខេត្តសៀមរាប។ ព្រឹត្តិការណ៍ពិព័រណ៍នេះ ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែមិថុនា ឆ្នាំ២០២២នៅក្រុងសៀមរាប ដោយមានការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរ បន្លែ និងផ្លែឈើ និងផលិតផលរបស់សហគមន៍ផលិតផលភូមិ១ ផលិតផល១ មកពីរាជធានី-ខេត្តចំនួន១៤។
នៅក្នុងឱកាសនេះ គណៈកម្មការរៀបចំពិព័រណ៍បានជ្រើសរើសមុខម្ហូបល្បីៗរបស់ស្រុកទាំង១២នៃខេត្តសៀមរាប និងមានការប្រកួតចម្អិនម្ហូបខ្មែរដោយក្រុមការងារចុងភៅក្នុងខេត្តសៀមរាប ដើម្បីជូនភ្ញៀវទស្សនាផងដែរ។
ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ជាលទ្ធផលការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរក្នុងក្របខ័ណ្ឌទូទាំងប្រទេសពីរដូវកាលមួយទៅរដូវកាលមួយ ធ្វើឱ្យការគាំទ្រ និងការប្រើប្រាស់ផលិតផលក្នុងស្រុកមាននិន្នាការកើនឡើងជាបន្តបន្ទាប់។ ម្យ៉ាងទៀត បានធ្វើឱ្យផលិតផលខ្មែរចាប់ផ្តើមរីកដុះដាល និងមានវត្តមានលើទីផ្សារកាន់តែច្រើនឡើងទាំងទីផ្សារធម្មតា ផ្សារទំនើប ទីផ្សារក្នុងអាកាសយានដ្ឋាន និងនៅបរទេស និងអាចចូលរួមប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស ដែលបាននិងកំពុងធ្វើចរាចរក្នុងទីផ្សារកម្ពុជា ខណៈដែលកម្ពុជាកំពុងអនុវត្តន៍នូវរបបទីផ្សារសេរី។
អមជាមួយព្រឹត្តិការណ៍ខាងលើ ក្រសួងពាណិជ្ជកម្ម មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ជំរុញ និងលើកកម្ពស់ផលិតផលខ្មែរចំនួន៣ ក្នុងទីតាំងផ្សេងៗគ្នា និងការធ្វើទស្សនកិច្ចរបស់ប្រតិភូក្រសួងពាណិជ្ជកម្មនៅវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ (IKTT) មណ្ឌលផលិត និងរចនាកលភាជន៍សៀមរាប និងចុះទស្សនាផ្សារលក់ផលិតផលខ្មែរ ដើម្បីលើកទឹកចិត្តដល់ផលិតករកម្ពុជាខិតខំផលិតទំនិញប្រកបដោយសោភ័ណភាព គុណភាព អនាម័យ ការវេចខ្ចប់បានល្អសមរម្យសម្រាប់ទីផ្សារ៕




