
ចិន៖ អ្នកបុរាណវិទូចិនបានរកឃើញក្បាលសំរឹទ្ធដ៏កម្រមួយ ជាមួយនឹងរបាំងមាសនៅឯប្រាសាទ Sanxingdui ដ៏ល្បីល្បាញនៅខេត្ត Sichuan ភាគនិរតីកាលពីថ្ងៃព្រហស្បតិ៍។
ការរកឃើញចុងក្រោយបំផុត ដែលត្រូវបានរក្សាទុកយ៉ាងល្អ និងមានព័ត៌មានលម្អិតល្អិតល្អន់ ត្រូវបានជីកកកាយពីរណ្តៅលេខ 8 នៃប្រាសាទនេះ។ ដោយសារវាទាំងសំរិទ្ធ និងមាស ត្រូវបានចាត់ទុកថាជាលោហធាតុដ៏កម្រ ហើយអ្នកបុរាណវិទូ ជឿថាវត្ថុបុរាណនេះជាកម្មសិទ្ធិរបស់អ្នកមាន ឬអ្នកមានអំណាច។
នៅរណ្តៅលេខ ៨ ដែលអ្នកបុរាណវត្ថុវិទូបានរកឃើញវត្ថុបុរាណជាច្រើនប្រភេទទៀត រួមមានក្បាលសំរិទ្ធដែលស្រោបដោយរបាំងមាស ចម្លាក់លង្ហិន ក្បាលមនុស្សធ្វើសំរិទ្ធ និងដងខ្លួនពស់ អាសនៈសំរិទ្ធ សត្វទេវកថា និងវត្ថុលង្ហិនរាងដូចនាគជាដើម។
ប្រាសាទ Sanxingdui ត្រូវបានរកឃើញដំបូងនៅចុងទសវត្សរ៍ឆ្នាំ ១៩២០ ដោយកសិករម្នាក់ ប្រាសាទ នេះ ត្រូវបានគេដាក់ឈ្មោះថា ជាវត្ថុបុរាណវិទ្យាដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោកនៃសតវត្សទី ២០ វាមានទីតាំងនៅទីក្រុង Guanghan ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីទីរួមខេត្ត Chengdu គ្របដណ្តប់លើផ្ទៃដី ១២ គីឡូម៉ែត្រការ៉េ ហើយត្រូវបានគេជឿថា ជាសំណល់នៃអាណាចក្រ Shu ដែលមានអាយុកាលប្រហែល ៤,៨០០ ឆ្នាំ។ នៅឆ្នាំ ១៩៨៨ ទីតាំងប្រាសាទ Sanxingdui ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការការពារកម្រិតរដ្ឋ។
ចាប់តាំងពីឆ្នាំ ២០២០ មក ក្រុមអ្នកបុរាណវត្ថុវិទូរួមគ្នាមកពីវិទ្យាស្ថានស្រាវជ្រាវវត្ថុបុរាណនិងវប្បធម៌ខេត្តស៊ីឈួន សាកលវិទ្យាល័យប៉េកាំង សាកលវិទ្យាល័យស៊ីឈួន និងស្ថាប័នស្រាវជ្រាវ និងសាកលវិទ្យាល័យផ្សេងទៀត បានធ្វើការជីកកកាយរណ្តៅចំនួនប្រាំមួយនៅកន្លែងនេះ។ រហូតមកដល់ពេលនេះ ពួកគេបានរកឃើញវត្ថុប្រហែល ១៣,០០០ បំណែក៕