
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ រយៈពេល២ថ្ងៃជាប់គ្នា នៅថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២២ ក្នុងបរិវេណអាគារ KAMPUS ដោយនាំមកនូវឱកាសការងារប្រមាណ ៣២០០ កន្លែងពីក្រុមហ៊ុនធំៗ ជាច្រើន ដើម្បីផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរក ការងារធ្វើ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែមិថុនានេះ។
បើតាមសេចក្តីជូនដំណឹង ពិព័រណ៍ការងារនេះ នឹងត្រូវធ្វើឡើងនៅបរិវេណអាគារ KAMPUS ដែលមានអាសយដ្ឋាន ៥០២ មហាវិថីព្រះមុនីវង្ស ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំមកនូវឱកាសការងារប្រមាណ ៣២០០ កន្លែងពីក្រុមហ៊ុនធំៗ ជាច្រើន ដើម្បីផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរក ការងារធ្វើ។ ពិព័រណ៍ការងារនេះ ត្រូវបានរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយសហភាពសហព័ន្ធ យុវជនកម្ពុជា។
ពិព័រណ៍ការងារប្រចាំឆមាស ជាការព្រឹត្តិការណ៍ដ៏មានសារសំខាន់ ក្នុងការជ្រើសរើសបុគ្គលិក និងស្វែងរកការងារ តាមរយៈការប្រមូលផ្តុំ និងផ្សព្វផ្សាយឱកាសការងារពីសំណាក់និយោជក ក្រុមហ៊ុនឯកជន ដើម្បីជួបផ្ទាល់ជាមួយយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដើម្បីដាក់ពាក្យស្នើសុំការងារ ជួបសម្ភាសផ្ទាល់ ព្រមទាំងទទួល បានការប្រឹក្សាយោបល់អាជីព និងាការងារ ក្នុងការត្រៀមចូល ទីផ្សារការងារ ។
យុវជន និងអ្នកស្វែងរកការងារសូមកុំភ្លេចចាប់យកឱកាស ការងារពីពិព័រណ៍នេះឲ្យបានទាន់ពេលវេលាដោយចូលរួមទស្សនា, ជួបសួរព័ត៌មានពីដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក និងរៀបចំប្រវត្តិរូបឲ្យបានច្រើនដើម្បីត្រៀមដាក់ពាក្យស្នើសុំការងារពីក្រុមហ៊ុនធំៗជាច្រើន។
ក្រសួងបញ្ជាក់ថា ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook.com/neakhmer (អិនអ៊ីអេ ខ្មែរ)៕
