
ភ្នំពេញ៖ សម្រាប់ខែមេសា ឆ្នាំ២០២២នេះ កម្ពុជាសម្រេចការលក់ជ័រកៅស៊ូបានចំនួន ១៧ ៥១៩តោន កើនឡើងចំនួន ៤ ១៨៩តោន ស្មើនឹង៣១% ធៀបខែមុន និងកើនឡើងចំនួន ១ ៤៤០តោន ស្មើនឹង៩% ធៀបខែមេសា ឆ្នាំ២០២១។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានកៅស៊ូ។
បើតាមទិន្នន័យ ផ្ទៃដីកៅស៊ូសរុបចំនួន ៤០៤ ០៤៤ហ.ត ក្នុងនោះ ផ្ទៃដីចម្ការកៅស៊ូកសិ-ឧស្សាហកម្មចំនួន ៤៧ ៩៤៤ហ.ត, ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ចចំនួន ១៩២ ៤០២ហ.ត និងផ្ទៃដីចម្ការកៅស៊ូគ្រួសារចំនួន ១៦៣ ៦៩៨ហ.ត ផ្ទៃដីចៀរជ័រចំនួន ៣១០ ១៩៣ហ.ត ស្មើនឹង៧៧% និងផ្ទៃដីថែទាំចំនួន ៩៣ ៨៥១ហ.ត ស្មើនឹង២៣%។
ផលិតផលជ័រកៅស៊ូខែមេសាសម្រេចបានចំនួន ១៧ ១២៣តោន កើនឡើងចំនួន ៥ ២០៩តោន ស្មើនឹង៤៤%ធៀបខមុន និងកើនឡើងចំនួន ២៤៥តោន ស្មើនឹង១% ធៀបខែមេសា ឆ្នាំ២០២១។ ចំពោះបរិមាណបញ្ចេញលក់ឈើកៅស៊ូខែមេសាសម្រេចបានចំនួន ៤ ៥០៨ម៣ កើនឡើងចំនួន ៣ ៦៧២ម៣ ស្មើនឹង៨១%។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យមខែមេសា គឺ១ ៦៤៤ដុល្លារ/តោន កើនឡើងចំនួន ១៧ដុល្លារ/តោន ស្មើនឹង១% ធៀបខែមុន និងថយចុះចំនួន ១៣៩ដុល្លារ/តោន ស្មើនឹង៨% ធៀបខែមេសា ឆ្នាំ២០២១។
តម្លៃប្រមូលទិញជ័រកៅស៊ូគ្រួសារខែមេសានេះគឺទឹកជ័រ (DRC 100%) មានការប្រែប្រួលពី ៥ ៩២៥រ/គ.ក ដល់ ៦ ៣០០៛/គ.ក្រ និងជ័រកក (DRC50%) មានការប្រែប្រួលពី ២ ៦០០៛/គ.ក្រ ដល់ ៣ ៣០០៛/គ.ក្រ៕