
ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសជប៉ុននៅថ្ងៃទី១៣ ខែមិថុនានេះ បានផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់ចំនួន ៣៦៣ លានយ៉េនមកកម្ពុជា ដើម្បីអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។
ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការបន្តផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់គម្រោង មានការចូលរួមក្រោមវត្តមានរបស់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម មិកាមិ ម៉ាសាហីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
បើតាមសេចក្តីប្រកាសរបស់ក្រសួង ចាប់តាំងពីគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ឬ «JDS» ត្រូវបានផ្តល់ជូនប្រទេសកម្ពុជានៅឆ្នាំ២០០០មក គម្រោងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការកម្ពុជាចំនួន ៥២២រូប មកពីក្រសួង-ស្ថាប័ននានា ដែលក្នុងនោះ មាន២៧រូបជាមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ មានមន្ត្រីចំនួន ៤៣៩រូប បានវិលត្រឡប់មកកម្ពុជាវិញ ហើយដែលមួយចំនួនបានកាន់មុខតំណែងជាអ្នកដឹកនាំ និងមុខតំណែងសំខាន់ៗជាច្រើននៅតាមក្រសួង-ស្ថាប័នរបស់ពួកគេរៀងៗខ្លួន។
ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាមានការរាតត្បាតនៃជំងឺ ក៏ដោយ ចំណងមិត្តភាពភាតរភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងកម្ពុជា និងជប៉ុន នៅតែស្ថិតស្ថេរ និងបន្តរីកចម្រើន ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសយើងទាំងពីរក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ។
ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា នឹងមានសកម្មភាព និងព្រឹត្តិការណ៍ជាច្រើនថែមទៀតរវាងប្រទេសយើងទាំងពីរនៅចុងឆ្នាំនេះ ដើម្បីប្រារព្ធខួបលើកទី៣០ នៃបេសកកម្មនៅក្រៅប្រទេសលើកដំបូងរបស់កងកម្លាំងស្វ័យការពារជប៉ុននៅកម្ពុជា ក្រោមប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ និងការរំលឹកខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នាឆ្នាំក្រោយ៕


