
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និង ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៣ មិថុនានេះ បានចុះហត្ថលេខាទទួលគម្រោងថ្មីចំនួន១៣ បន្ថែមទៀត ដែលមានថវិកាប្រមាណជាង៤លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការនៃមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២។គម្រោងថ្មីៗទាំងនេះនឹងរួមចំណែកបន្ថែមទៀតក្នុងការដោះស្រាយតម្រូវការអភិវឌ្ឍន៍នៅកម្ពុជា លើវិស័យអភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម បរិស្ថាន ការកសាងសមត្ថភាព និងបេតិកភណ្ឌវប្បធម៌។
ពិធីចុះហត្ថលេខារៀបចំឡើងក្រោមវត្តមានរបស់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្ដមឯកអគ្គរដ្ឋទូតចិន លើកិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការនៃមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២។
តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងជាក់ស្ដែងចំនួន៨០ ដែលមានឥទ្ធិពលវិជ្ជមានយ៉ាងធំធេងទៅលើការរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមដ៏រឹងមាំ និងធន់ ក៏ដូចជារួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងអនុតំបន់ផងដែរ។
ការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន និងប្រទេសមេគង្គទាំងអស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យឡើងដល់កម្រិតខ្ពស់ថ្មីមួយ សំដៅកសាងសហគមន៍មួយឱ្យកាន់តែបើកចំហ ប្រកបដោយបរិយាបន្ន និងដែលមានអនាគតរួមគ្នាប្រកបដោយសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕


