
ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចរចាជាមួយអគ្គរដ្ឋាបាលគយនៃប្រទេសចិន ក្នុងដំណើរការនាំចេញត្រីប្រាពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ហើយការចរចានេះ ខាងភាគីអគ្គរដ្ឋបាលគយចិនបានសម្រេចអនុញ្ញាតជាផ្លូវការហើយ។ប៉ុន្តែយ៉ាងណាការនាំចេញនេះនៅជួបបញ្ហាមួយចំនួនដែលកំពុងដោះស្រាយ ជាពិសេសវិស័យដឹកជញ្ជូន។
រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានប្រាប់ស៊ីស៊ីថាមស៍ថា នីតិវិធីនៃការចរចានាំចេញត្រីប្រាកម្ពុជាទៅកាន់ទីផ្សារចិនបានសម្រេចជោគជ័យដោយភាគីចិនបានឯកភាពរួចរាល់ និង អគ្គរដ្ឋបាលគយចិនក៏បានយល់ព្រម និង ផ្សព្វផ្សាយដំណឹងនេះទៅប្រទេសចិនក្នុងការអនុញ្ញាតឱ្យកម្ពុជានាំចូលត្រីប្រាទៅទីផ្សារខ្លួន។
បើទោះជាមានការអនុញ្ញាតពីអគ្គរដ្ឋបាលគយចិនក្តី តែផែនការនាំចេញត្រីប្រាកម្ពុជានៅជួបឧបសគ្គមួយចំនួនដោយក្រុមហ៊ុនដែលមានបំណងនាំចេញត្រីប្រាកំពុងតែគិតគូរអំពីផលចំណេញពីការនាំចេញ ព្រោះបច្ចុប្បន្ននេះគឺមានបញ្ហាប្រឈមជាច្រើនដូចជា វិបិត្តកូវីដ-១៩ បញ្ហាសាំងឡើងថ្លៃ តម្លៃដឹកជញ្ជូនឡើងថ្លៃ និងកង្វះទូកុងតឺន័រជាដើម។
បើតាមឯកឧត្តម វេង សាខុន បញ្ហាទាំងនេះបានបង្កឱ្យក្រុមហ៊ុនដែលមានបំណងនាំចេញត្រីប្រាទៅចិនមានភាពរារែកក្នុងការនាំចេញត្រីប្រាទៅចិន ហើយបានអូសបន្លាយមកទល់ពេលនេះ។
យោងតាមរបាយការណ៍របស់រដ្ឋបាលជលផលកម្ពុជា បានឱ្យដឹងថា ឆ្នាំ២០២១ ទិន្នផលវារីវប្បកម្មរបស់កម្ពុជាសរុបជាង៤០ម៉ឺនតោន ក្នុងនោះទិន្នផលត្រីប្រា ទទួលបានប្រមាណ៣០% ទៅ៤០% នៃទិន្នផលវារីវប្បកម្មសរុបរបស់កម្ពុជា។បច្ចុប្បន្នកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការនាំចេញត្រីប្រានេះ ឱ្យតែឧបសគ្គមួយចំនួនខាងលើត្រូវបានដោះស្រាយ។
បើសិនត្រីប្រាកម្ពុជាអាចនាំទៅកាន់ទីផ្សារប្រទេសចិនឆាប់ៗពិតមែនវាជាដំណឹងល្អសម្រាប់វារីវប្បករកម្ពុជា ជាពិសេសអ្នកចិញ្ចឹមត្រីប្រា ព្រោះបច្ចុប្បន្នពួកគេកំពុងត្អូញត្អែរយ៉ាងច្រើនពីបញ្ហាតម្លៃត្រីថោក ដែលស្ទើរតែមិនរួចថ្លៃដើមផលិត៕