ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថាការមិនយកចិត្តទុកដាក់ចំពោះ«សុវត្ថិភាពចំណីអាហារ»បង្កឲ្យមានផលប៉ះពាល់ធំដល់សុខភាព ហើយវាក៏អាចឈានទៅរកការបាត់បង់ជីវិតផងដែរ។ លោកស្រីថ្លែងបែបនេះ តាមរយៈការឆ្លើយសំនួររបស់អ្នកសារព័ត៌មាន នៅក្នុងទិវាសុវត្ថិភាពចំណីអាហារពិភពលោក នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល បានលើកឡើងថា សុវត្ថិភាពចំណីអាហារគឺពិតជាសំខាន់ណាស់។ ប្រសិនបើយើងមិនយកចិត្តទុកដាក់ចំពោះសុវត្ថិភាពចំណីអាហារនោះវានឹងបង្កផលប៉ះពាល់ធំដល់សុខភាពរហូតដល់ស្លាប់។ ជាឧទាហរណ៍ ការពុលនូវចំណីអាហារដូចជាការពុលស្រាដែលកន្លងមកនេះតែងតែជួបប្រទះជាហូរហែ ក៏មានការបង្កឲ្យមានការស្លាប់បាត់បង់ជីវិតចំពោះបុគ្គលមួយចំនួន ដែលការបរិភោគនូវចំណីអាហារនេះមិនបានយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវ អនុវត្តតាមការណែនាំ ក៏ដូចជាការរក្សាបាននូវសុវត្ថិភាព អនាម័យនូវចំណីអាហារ។
លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ការរក្សាចំណីអាហារឲ្យមានសម្រាប់បរិភោគឲ្យបានគ្រប់គ្រាន់ក៏ជាចំណុចមួយទៀត ដែលយើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់នៅក្នុងការចូលរួមចំណែក ធ្វើយ៉ាងណាដើម្បីឲ្យការអនុវត្តនូវការដាំដុះ ឲ្យមានអនាម័យ និងការរក្សាបាននូវការដាំដុះបែបធម្មជាតិ ហើយការប្រើប្រាស់នូវជីធម្មជាតិសម្រាប់ការដាំដុះ ដើម្បីចៀសវាងបង្កឲ្យមាននូវសារធាតុគីមីផ្សេងៗទៀត ដែលអាចមាននៅលើដំណាំ ក៏ដូចជាចៀសវាងឲ្យបាននូវការប្រើប្រាស់នូវសារធាតុគីមីដែលយើងយកមកដាក់លើចំណីអាហារ ដូចជាការរក្សាឲ្យម្ហូបអាហារមាននូវភាពស្រស់បានយូរ ឬការប្រើប្រាស់នូវសារធាតុគីមីផ្សេងៗ សម្រាប់សម្លាប់សត្វល្អិតដោយយើងមិនបានអនុវត្តឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍បច្ចេកទេស៕