
ភ្នំពេញ៖ ស្ថានភាពទេសចរអន្តរជាតិចូលមកព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេលបួនខែដើម ឆ្នាំ២០២២ គឺកម្ពុជាទទួលបានទេសចរអន្តរជាតិសរុប២៤១,៤៨៥ នាក់ កើនឡើង 191.5% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាមទិន្នន័យដែលផ្ដល់ដោយលោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ មកកាន់ស៊ីស៊ីថាមស៍។
លោក តុប សុភ័ក្រ បានបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តនៅកម្ពុជាភាគច្រើនមកពី អាស៊ាន (វៀតណាម ថៃ និងឥណ្ឌូនេស៊ី), ទ្វីបអាស៊ី(ចិន កូរ៉េ ជប៉ុន), ទ្វីបអឺរ៉ុប(បារាំង អង់គ្លេស), និងទ្វីបអាមេរិក (អាមេរិក)។
បើតាមទិន្នន័យដដែល ទេសចរអន្តរជាតិដែលមកកម្ពុជាតាមផ្លូវអាកាសមានចំនួន ១៣១,៨៦៤ នាក់ កើនឡើង ២៤៣.៩%, ផ្លូវគោក : ១០៦,៦១៤ នាក់ កើនឡើង ១៣៩.៦%, និងផ្លូវទឹក : ៣០០,៧ នាក់ កើនឡើង ១៥០.២៥០%។
បើតាមការប៉ាន់ស្មានរបស់លោក តុប សុភ័ក្រ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណពី ៨០ ម៉ឺននាក់ ទៅ ១ លាននាក់ ក្នុងឆ្នាំ២០២២នេះ ហើយលោកជឿជាក់ថា នៅពេលដែលរបាំងសុខាភិបាល និងការធ្វើវដំណើរត្រូវបានសម្រួល នោះទេសចរណ៍ផ្ទៃក្នុងអាស៊ាននឹងមានលំហូរច្រើនជាងបច្ចុប្បន្នបន្ថែមទៀត៕