
ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី០៦ មិថុនានេះ បានបញ្ជាក់ករណី កសិករក្នុងប្រទេសកម្ពុជា ដែលទទួលបានឱកាសរៀនសូត្រទាក់ទងនឹងកសិកម្ម មានត្រឹមតែ ១០%ប៉ុណ្ណោះ ជាស្ត្រី គឺបញ្ហាមធ្យោបាយធ្វើដំណើរ ផ្នត់គំនិតសង្គម និងអាកប្បកិរិយា ភាពដាច់ស្រយាល និងទំនួលខុសត្រូវក្នុងគ្រួសារ រារាំងស្ត្រីមួយចំនួនធំពីការទទួលបានការរៀនសូត្របែបនេះ។
យើងត្រូវតែមាន វិធីសាស្រ្តច្នៃប្រឌិត និងភាពជាដៃគូ ដើម្បីធានាថាកសិករជាស្ត្រីកាន់តែច្រើន អាចចូលរួមក្នុងវិស័យកសិកម្មប្រកបដោយប្រសិទ្ធភាព។ ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (#CAVAC) កំពុងធ្វើការលើភាពជាដៃគូគំរូជាមួយក្រុមហ៊ុន Angkor Green និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីផ្តល់វគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់ស្ដីពីការដាំដុះស្វាយចន្ទី និងទុរេន។
រហូតមកដល់បច្ចុប្បន្ននេះ កសិករជាស្ត្រីប្រមាណ ៤៤០នាក់ នៅទូទាំង ១៦ខេត្ត បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពកសិករជាស្ត្រីលើបច្ចេកទេសដាំដំណាំទំនើប ក៏ដូចជាការគ្រប់គ្រងសារធាតុចិញ្ចឹម និងសត្វល្អិត ដើម្បីឱ្យពួកគាត់ទទួលបានទិន្នផលប្រកបដោយគុណភាព នាំឱ្យមានប្រាក់ចំណូលកើនឡើង៕
