Yearendyearend1140x150
Img 0571

ចិនបន្តជាប្រទេសទិញអង្ករពីកម្ពុជាច្រើនជាងគេ រយៈពេល៥ខែឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២២ ចិននៅបន្តឈរលំដាប់ទី ១ ជាប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ ដោយមានបរិមាណជិត ១៥០,០០០តោននៃបរិមាណនាំចេញអង្ករសរុបរបស់កម្ពុជា ដែលមានជាង ២៨០,០០០តោន។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២២នេះ ការនាំចេញអង្ករកម្ពុជាទៅទីផ្សារក្រៅប្រទេសសម្រេចបាន ២៨៣,៦៧៥តោន កើនឡើង ២១,៧៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២១។

ក្នុងនោះដែរ ចំពោះខែឧសភា ការនាំចេញអង្ករសម្រេចបាន ៦២,៥៣៧តោន កើនឡើង ៥៤,២៨ភាគរយ បើធៀបនឹងខែឧសភា ឆ្នាំ ២០២១។

ជាមួយគ្នានេះដែរ គេសង្កេតឃើញថា ទីផ្សារចិននៅតែស្រូបយកអង្ករពីកម្ពុជាបានច្រើនជាងគេ ដោយនៅក្នុងរយៈពេល ៥ខែមកនេះ កម្ពុជានាំអង្ករទៅចិនបានប្រមាណ ១៤៩,៤៧៧តោន កើនឡើង ៥២,៦៨ភាគរយ ខណៈការនាំចេញទៅអឺរ៉ុបមានចំនួន ៨១,៩៣១តោន កើនឡើង ២៨,៨៨ភាគរយ តំបន់អាស៊ាន ២៥,៦៩១តោន កើនឡើង ៩,០៦ភាគរយ និងទិសដៅផ្សេងៗមានចំនួន ២៦,៦០៦តោន កើនឡើង ៩,៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ ដោយឡែកប្រភេទអង្ករដែលបាននាំចេញរួមមាន៖ អង្ករក្រអូប ១៨៤,១១២តោន កើនឡើង ៦៤,៩ភាគរយ, អង្ករសគ្រាប់វែង ៩៥,៥៣៩តោន កើនឡើង ៣៣,៦៨ភាគរយ និងអង្ករចំហុយគ្រាប់វែង ៤,០២៤តោន កើនឡើង ១,៤២ភាគរយ បើធៀបនឹងរយៈពេល ៥ខែ ឆ្នាំ ២០២១។

បើតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ ២០២១ កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសក្នុងបរិមាណ ៦១៧,០៦៩តោន ថយចុះ -១០,៦៧ភាគរយបើធៀបនឹងឆ្នាំ ២០២០ ដែលមានបរិមាណ ៦៩០,៨២៩តោន។ ប្រទេសគោលដៅដែលបាននាំចេញទៅ រួមមានប្រទេសចិន តំបន់អឺរ៉ុប (២០ប្រទេស) ប្រទេសជាសមាជិកអាស៊ាន (៤ ប្រទេស) និងទិសដៅប្រទេសផ្សេងៗទៀតចំនួន ២២ប្រទេស៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង