Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ការនាំចេញស្ករត្នោតកំពង់ស្ពឺទៅរុស្ស៊ី និងឥណ្ឌា រាំងស្ទះដោយសារសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពង់ស្ពឺ៖ ការនាំចេញស្ករត្នោតកំពង់ស្ពឺ ទៅកាន់ទីផ្សារប្រទេសរុស្ស៊ី និងឥណ្ឌា រាំងស្ទះដោយសារវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ បុន្តែយ៉ាងណាក៏ដោយ ស្ករត្នោតកំពង់ស្ពឺ នៅតែមានទីផ្សារគ្រប់គ្រាន់សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសផ្សេងទៀត ជាពិសេសនៅអឺរ៉ុប។ នេះបើតាមការឲ្យដឹងពីលោក វី វាសនា ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺ។

លោក វី វាសនា ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺ

លោក វី វាសនា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កាលពីដើមឆ្នាំ២០២២ មានខាងក្រុមហ៊ុនរុស្ស៊ី បានជួបពិភាក្សាជាមួយសមាគម ក្នុងការបញ្ជាទិញស្ករកំពង់ស្ពឺប្រមាណ ៥០តោនទៅកាន់ទីផ្សារប្រទេសរុស្ស៊ី។ ប៉ុន្តែ ដំណើរការចរចានេះ បានស្ងប់ស្ងាត់ទៅវិញ ក្រោយផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ យ៉ាងណាក្តី ការរាំងស្ទះនេះមិនមែនជាបញ្ហាចោទ ព្រោះកន្លងមក សមាគមក៏បាននាំចេញស្ករត្នោតទៅកាន់ទីផ្សារក្រុមហ៊ុន ជប៉ុន ចិន និងកាណាដា ជាពិសេសទៅផ្សារអឺរ៉ុប។ ជាមួយគ្នានេះ អាល្លឺម៉ង ក៏មានគម្រោងបញ្ជាទិញបន្ថែមនៅឆ្នាំក្រោយ។

លោក វី វាសនា បន្ថែមថា បច្ចុប្បន្ន ទីផ្សារស្ករត្នោតកំពង់ស្ពឺមានច្រើន ខណៈការផលិតមិនទាន់គ្រប់គ្រាន់តាមការបញ្ជាទិញនៅឡើយ។ ដូច្នេះសមាគមស្ករត្នោតកំពង់ស្ពឺ កំពុងពង្រឹងការផលិតបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្រៅប្រទេស ជាពិសេសអឺរ៉ុប។ លោកថា សព្វថ្ងៃនេះការផលិតស្ករត្នោតបានជួបនូវបញ្ហាប្រឈមដូចជា កង្វះខាតនូវកម្លាំងផលិតស្ករ គួបផ្សំនឹងកត្តាអាកាសធាតុ មានភ្លៀងធ្លាក់ដែលធ្វើឲ្យកសិករពិបាកក្នុងការឡើងត្នោត។

ជាមួយគ្នានេះ លោក វី វាសនា បានបញ្ជាក់ថា បច្ចុប្បន្ន សមាគមស្ករត្នោតកំពង់ស្ពឺ មានសមាជិកចំនួន ១៥៧គ្រួសារ និងក្រុមហ៊ុនចំនួន១០ ដែលអាចផលិតស្ករបានជាមធ្យមប្រមាណ១៥០ ទៅ១៧០តោនក្នុងមួយឆ្នាំ។ ក្នុងរយៈពេល ៥ខែឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញស្ករត្នោតកំពង់ស្ពឺ មានប្រហែល ៥៧តោន ទៅកាន់១៥ប្រទេស ក្នុងនោះរួមមាន បណ្ដាប្រទេសអាស៊ាន ជប៉ុន ចិន កាណាដា និងមួយផ្នែកធំនាំចេញទៅអឺរ៉ុប៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង