
ភ្នំពេញ៖អ្នកប្រកបអាជីវកម្មទូកដឹកភ្ញៀវទេសចរកម្សាន្ដនៅមុខព្រះបរមរាជវាំង ចាប់ផ្តើមមានភ្ញៀវមកជិះកម្សាន្តឡើងវិញបន្តិចម្ដងៗ និង ទទួលបានប្រាប់ចំណូលឡើងវិញ។ភាពល្អប្រសើរនេះ ធ្វើឡើងក្រោយស្ថានភាពកូវីដ-១៩នៅប្រទេសកម្ពុជា មានសភាពកាន់តែធូរស្រាល នាំឱ្យប្រជាពលរដ្ឋមានទំនុកចិត្តក្នុងការចេញដើរកម្សាន្ត។
លោក ប៉ាក់ គីមសេង ម្ចាស់អាជីវកម្មទូកទេសចរណ៍នៅមុខព្រះបរមរាជវាំង បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា មកទល់ពេលនេះ ចំនួនភ្ញៀវមកជិះទូកម្សាន្តបានកើនឡើងវិញបន្តិចម្តងៗ ហើយភ្ញើវដែលមកជិះទូកកម្សាន្តភាគច្រើនជាភ្ញៀវទេសចរជាតិ រីឯភ្ញៀវទេសចរអន្តរជាតិគឺមិនសូវមានច្រើនដូចមុនកូវីដនោះទេ។ ចំនួនភ្ញៀវទេសចរកើនឡើងក៏បានធ្វើឱ្យចំណូលពីការជិះទូកកម្សាន្តក៏កើនឡើងជាងគ្រាដែលកំពុងប៉ះពាល់ខ្លាំងដោយកូវីដផងដែរ។
លោកបន្តថា ក្រោយស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាមានសភាពធូរស្រាល អាជីវកម្មរបស់លោកក៏មានភាពមមាញឹកហើយទទួលបានចំណូលកើនឡើងវិញប្រមាណជាង៥០ភាគរយ ហើយបានជួយដោះស្រាយជីវភាពបានយ៉ាងខ្លាំង និងចំណាយលើតម្រូវការនានាបានគ្រប់គ្រាន់។
លោកបញ្ជាក់ថា កាលគ្រាដែលកម្ពុជារងផលប៉ះពាល់ខ្លាំងដោយសារការរីករាលដាលជំងឺកូវីដ-១៩ អាជីវកម្មទូកដឹកទេសចរកម្សាន្តក៏បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដែរ ព្រោះពុំមានភ្ញៀវមកជិះទូកកម្សាន្តនោះឡើយ ហើយបានប៉ះពាល់ដល់ជីវភាពរបស់លោកយ៉ាងខ្លាំង ព្រោះពុំមានចំណូលសម្រាប់ផ្គត់ផ្គង់លើតម្រូវការផ្សេងបានគ្រប់គ្រាន់។
ចំណែក លោក យ៉ុង ចំណាប់ ជាម្ចាស់អាជីវកម្មទូកទេសចរណ៍មួយរូបទៀត បានប្រាប់ស៊ីស៊ីថាមស៍ដែរថា បច្ចុប្បន្ននេះ អាជីវកម្មទូកដឹកភ្ញៀវទេសចរផ្ដើមមានសង្ឃឹមឡើងវិញព្រោះភ្ញៀវបានមកជិះទូកកម្សាន្ដឡើងវិញបន្តិចម្តងៗ បើទោះជាភ្ញៀវមិនសូវមានចំនួនច្រើនដូចមុនកូវីដ ប៉ុន្តែក៏អាចទទួលយកបានវាបានផ្ដល់ចំណូលឡើងវិញខ្លះៗ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ក៏ដូចជាតម្រូវការចាំបាច់ផ្សេងៗទៀតផងដែរ។ លោកបញ្ជាក់ថា មកទល់ពេលនេះ អាជីវកម្មរបស់លោកទទួលបានភ្ញៀវទេសចរកើនឡើងជាង២០ភាគរយ ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក ហើយភ្ញៀវបរទេសមានតិចតួច។
គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចលុបចោល កាត្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស តាមទីសាធារណៈ ទីកន្លែងចំហរនានា ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋទៅលើការទិញម៉ាស់។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីអត្រាឆ្លងជំងឺកូវីដ-១៩ ក្រោយពិធីបុណ្យចូលឆ្នាំមិនបង្កហានិភ័យចូលក្នុងសហគមន៍៕

.jpg?1653639637)

