
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនិង ជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានមានប្រសាសន៍ថា ទោះបីជាវិស័យទេសចរណ៍បានបង្ហាញនូវសញ្ញានៃការងើបឡើងវិញគួរឱ្យកត់សម្គាល់ក្ដី ប៉ុន្តសហគ្រាសនៅក្នុងវិស័យនេះ នៅបន្តជួបប្រទះនូវបញ្ហាប្រឈមជាច្រើន។
ក្នុងកម្មវីធីប្រកាសដាក់ចេញជាផ្លូវការនូវគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍ ក្នុងទំហំទឹកប្រាក់ ១៥០លានដុល្លារ អាមេរិក កាលពីពេលថ្មីៗនេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នបញ្ជាក់ថា បញ្ជាទាំងនោះរួមមាន៖ (១)-ការខ្វះសមត្ថភាពចាប់យកម៉ូដែលអាជីវកម្ម (business model) បែបឌីជីថល; (២)-ការស្ថិតនៅក្រៅប្រព័ន្ធរបស់សហគ្រាសភាគច្រើន; (៣)-ការខ្វះជំនាញបដិសណ្ឋារកិច្ចច្បាស់លាស់ និង(៤)-ការខ្វះទុន រួមទាំងទុនបង្វិល និង ទុនវិនិយោគ សម្រាប់រក្សាលំនឹង, កែលម្អ និង ពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបន្ថែមថា ដោយមើលឃើញពីបញ្ហាប្រឈមទាំងនេះហើយ ទើបរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តន៍ «គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍»ជាផ្លូវការ ដើម្បីពង្រឹងសក្តានុពលនៃវិស័យទេសចរណ៍បន្ថែមទៀត និងចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ ។
តាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក (WTO) វិស័យទេសចរណ៍សកលនឹងត្រឡប់ទៅរកគន្លងកំណើន ដូចពេលមុនវិបត្តិនៃជំងឺកូវីដ-១៩នៅឆ្នាំ២០២៤ ខាងមុខ ។ ក្នុងន័យនេះ ជាមួយនឹងកិច្ចអន្តរាគមន៍ដ៏សកម្មរបស់រាជរដ្ឋាភិបាល វិស័យទេសចរណ៍កម្ពុជាត្រូវបានព្យាករថា នឹងមានកំណើនប្រមាណ១៦ភាគរយ ក្នុងឆ្នាំ២០២២និង ២៣ភាគរយក្នុងឆ្នាំ២០២៣ ៕