
WHO ៖ យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃទី ២១ នេះ ប្រទេសចំនួន ១២ នៅលើពិភពលោកបានរាយការណ៍ថា មានករណីឆ្លងជំងឺ«អុតស្វា»ចំនួន ៩២ ករណី និងករណីសង្ស័យចំនួន ២៨ ។ WHO ព្យាករណ៍ថា ករណីឆ្លងនៃជំងឺនេះ អាចនឹងកើនឡើងបន្ថែមទៀតនៅលើសកលលោក។
ជំងឺ«អុតស្វា» គឺជាជំងឺរាតត្បាតជាចម្បងនៅអាហ្រ្វិកខាងលិច និងកណ្តាល ដោយមានការផ្ទុះឡើងជាលើកដំបូងនៅខាងក្រៅទ្វីបអាហ្រ្វិកក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ 2003 ។ ចាប់តាំងពីឆ្នាំ ២០១៨ មក អ៊ីស្រាអែល ចក្រភពអង់គ្លេស សឹង្ហបុរី និងប្រទេសផ្សេងទៀត បានរកឃើញការឆ្លងមេរោគជំងឺ«អុតស្វា»ក្នុងចំណោមអ្នកធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា។
អង្គការសុខភាពពិភពលោកជឿជាក់ថា ករណីឆ្លងជំងឺ«អុតស្វា» នៅក្នុងប្រទេសជាច្រើននៅអឺរ៉ុបគឺ បណ្ដាលមកពីករណីមួយចំនួនតូចមួយ ដែលមានប្រវត្តិធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យកើតជំងឺ«អុតស្វា» ហើយអ្នកឆ្លងជាច្រើនត្រូវបានធ្វើរោគវិនិច្ឆ័យដោយគ្លីនិកជំងឺកាមរោគ។
មន្ត្រីអង្គការសុខភាពពិភពលោក លោក David Heyman បាននិយាយថា គណៈកម្មាធិការអន្តរជាតិនៃអ្នកជំនាញបានធ្វើសន្និសីទវីដេអូដើម្បីពិភាក្សាអំពីរបៀបឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺ«អុតស្វា»។
ជាទូទៅ ការឆ្លងពីមនុស្សទៅមនុស្ស នៃជំងឺ«អុតស្វា» គឺមិនធម្មតាទេ ដោយវិធីបញ្ជូនពីមនុស្សទៅមនុស្ស រួមមាន ការទំនាក់ទំនងជិតស្និទ្ធតាមរយៈផ្លូវដង្ហើម ដំបៅស្បែក ឬវត្ថុកខ្វក់នៃអ្នកឆ្លង ប៉ុន្តែរបស់ទាំងនេះជាធម្មតាវាត្រូវការពេលយូរជាងក្នុងការចម្លង។ លើសពីនេះ ការចម្លងពីម្តាយទៅកូន អាចកើតមានឡើងតាមរយៈសុក ឬតាមរយៈការទំនាក់ទំនងជិតស្និទ្ធអំឡុងពេលសម្រាលកូន។
រោគសញ្ញាដំបូងនៃជំងឺ«អុតស្វា» ចំពោះមនុស្សរួមមាន គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង និងកូនកណ្តុរហើម ដែលក្រោយមកអាចវិវត្តទៅជាកន្ទួលលើផ្ទៃមុខ និងដងខ្លួន។ អ្នកឆ្លងភាគច្រើនជាសះស្បើយក្នុងរយៈពេលពីរបីសប្តាហ៍ ប៉ុន្តែអ្នកផ្សេងទៀតធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ហើយថែមទាំងស្លាប់ទៀតផង។ ទិន្នន័យរបស់អង្គការសុខភាពពិភពលោកបង្ហាញថា វ៉ាក់សាំងជំងឺ«អុតស្វា»មានប្រសិទ្ធភាព ៨៥ % ប្រឆាំងនឹងជំងឺនេះ៕