
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសបានដាក់ដំណើរការជាផ្លូវការ «គម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍» ក្នុងកញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាមេរិក ដែលជាបដិភាគរវាងរាជរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs)។ គម្រោងក្នុងកញ្ចប់ថវិកាចំនួន១៥០លានដុល្លារនេះ គឺផ្តោតសំខាន់សម្រាប់តែវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដើម្បីពង្រឹងសក្តានុពលនៃវិស័យទេសចរណ៍បន្ថែមទៀត និងចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យនេះ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។
នៅក្នុងឱកាសនេះ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងថា គម្រោងសហហិរញ្ញប្បទាននេះ ជាផ្នែកមួយនៃការគាំទ្រដល់ការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ។
ឯកឧត្ដមបន្ថែមថា គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍ មានទំហំទឹកប្រាក់សរុបចំនួន១៥០លានដុល្លារអាមេរិកនេះ បានមកកើតចេញពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន៧៥លានដុល្លារ តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួម (PFIs) ចំនួន៧៥លានដុល្លារអាមេរិក។
ឯកឧត្តមបញ្ជាក់ថា គម្រោងនេះផ្តល់អត្រាការប្រាក់៦.៥ ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់បំផុតរហូតដល់៤០ម៉ឺនដុល្លារ ដែលអាចខ្ចីបានរហូតដល់៧ឆ្នាំ។ តាមរយៈគម្រោងនេះ សហគ្រាសក្នុងវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ អាចស្នើសុំឥណទានពីគ្រឹះស្ថាន គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម PFIs ជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់សម្បទាន។
ជាមួយគ្នានេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ក៏បានថ្លែងថា ក្រសួងទេសចរណ៍ជឿជាក់ថា ការដាក់អនុវត្តន៍គម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍ ចំនួន១៥០លានដុល្លារនេះ មិនត្រឹមតែអាចចូលរួមស្ដារឡើងវិញនៅអាជីវកម្មខ្នាតតូច និងមធ្យម ដែលកំពុងមានកង្វះខាតហិរញ្ញប្បទាន ការជួសជុលទីតាំង ឬគុណភាពសេវាកម្ម អាចជួយដល់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យមថ្មី ក្នុងវិស័យទេសចរណ៍ យ៉ាងមានប្រសិទ្ធភាពផងដែរ៕
