.jpg?1652403029)
ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជដំបូងគេនៅកម្ពុជាដែលទទួលបានវិញ្ញាបនបត្រជា ភ្នាក់ងាររក្សាសុវត្តិភាពក្នុងវិស័យមូលបត្រ (Custodian) ពីនិយ័តករមូលបត្រកម្ពុជា។ការក្លាយជាភ្នាក់ងាររក្សាសុវត្តិភាពក្នុងវិស័យមូលបត្រនេះ ត្រូវបានអ្នកជំនាញរំពឹងថា ទាក់ទាញឱ្យមានអ្នកវិនិយោគគិនបរទេសធំៗមកទីផ្សារមូលបត្រកម្ពុជាកាន់តែច្រើន។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានចាត់ទុកការក្លាយជា ភ្នាក់ងាររក្សាសុវត្តិភាពក្នុងវិស័យមូលបត្រ (Custodian) របស់ធនាគារ អេស៊ីលីដា ពេលនេះ ជាការបើកទំព័រសករាជ្យថ្មីសម្រាប់ទីផ្សារមូលបត្រកម្ពុជា ហើយឯកឧត្តម ស៊ូ សុជាតិ មានការជឿជាក់ថា ធនាគារ អេស៊ីលីដា នឹងបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អ ក្នុងនាមជា Custodian ដើម្បីទាក់ទាញឱ្យមានអ្នកវិនិយោគគិនបរទេសធំៗមកទីផ្សារមូលបត្រកម្ពុជា។
បើតាមឯកឧត្តម ស៊ូ សុជាតិ នៅដើមឆ្នាំ២០២២នេះ ទីផ្សារមូលបត្រកម្ពុជាមានភាពមមាញឹកខ្លាំងដោយសារតែហ៊ុនរបស់ធនាគារ អេស៊ីលីដា ដោយក្នុង១ថ្ងៃមានការជួញដូរចំនួនជាង ១លានដុល្លារហើយ ៨០ភាគរយជារបស់ធនាគារ អេស៊ីលីដា។ដោយមើលឃើញការចាប់ផ្តើមដ៏ល្អនេះហើយ ទើបបានជានិយ័តករមូលបត្រកម្ពុជា សម្រេចផ្តល់វិញ្ញាបនបត្រជា ភ្នាក់ងាររក្សាសុវត្តិភាពក្នុងវិស័យមូលបត្រ (Custodian) ជូនធនាគារ អេស៊ីលីដា។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ធនាគារ អេស៊ីលីដា បានចាត់ទុកការទទួលបាន វិញ្ញាបនបត្រជា ភ្នាក់ងាររក្សាសុវត្តិភាពក្នុងវិស័យមូលបត្រ (Custodian)ពេលនេះ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ធនាគារ ហើយលោកបណ្ឌិតប្តេជ្ញាចិត្តថា ធនាគារ អេស៊ីលីដា នឹងបម្រើសេវារក្សាសុវត្តិភាពក្នុងវិស័យមូលបត្រជូនវិនិយោគគិន និង សាធារណៈជន។
លោកបណ្ឌិត អ៊ិន ចាន់នី មានសេចក្តីជឿជាក់យ៉ាងមុតមាំថា ភ្នាក់ងាររក្សាសុវត្តិភាពក្នុងវិស័យមូលបត្រ (Custodian)របស់ធនាគារ អេស៊ីលីដា នេះនឹងដើរតួនាទីសំខាន់ក្នុងការទាក់ទាញវិនិយោគគិនជាពិសេសវិនិយោគគិនពីបរទេសឱ្យមកវិនិយោគនៅកម្ពុជា។សម្រាប់លោកបណ្ឌិត ការវិនិយោគមូលបត្ររបស់ក្រុមហ៊ុនបរទេសចាំបាច់ត្រូវធ្វើឡើងតាមរយៈភ្នាក់ងាររក្សាសុវត្តិភាពក្នុងវិស័យមូលបត្រ (Custodian) ហើយភ្នាក់ងារនេះនឹងជំរុញឱ្យផ្សារមូលបត្រកម្ពុជាកម្ពុជាកាន់តែសកម្ម។
យោងតាមរបាយការណ៍របស់ផ្សារមូលបត្រកម្ពុជាបានឱ្យដឹងថា នៅរយៈពេល៤ខែដើមឆ្នាំ២០២២នេះ ការជួញដូរហ៊ុនក្នុងទីផ្សារមូលបត្រកម្ពុជាបានកើនឡើងជាង១លានដុល្លារក្នុង១ថ្ងៃ ហើយមូលបត្រកម្ពុជាបានរំពឹងថា នៅរយៈពេល៧ឆ្នាំទៀតនឹងកើនឡើង៥០លានដុល្លារក្នុង១ថ្ងៃ ហើយចំនួនអ្នកវិនិយោគគិនអាចកើនឡើង១០ម៉ឺនគណនី៕
.jpg?1652403061)
.jpg?1652403070)