
ភ្នំពេញ៖ ក្នុងរយៈពេល៣ខែដំបូងក្នុងឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួនជាង១៦ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្ពុជាច្រើនជាងគេគឺវៀតណាម បន្ទាប់មកទៀតគឺភ្ញៀវថៃ ចិន អាមេរិក ឥណ្ឌូនេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងតៃវ៉ាន់ជាដើម។ នេះបើតាមប្រសាសន៍លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ នៅថ្ងៃ១២ ខែឧសភា ឆ្នាំ២០២២។
លោកជំទាវ ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា ចាត់តាំងពីកម្ពុជាបានប្រកាសបើកប្រទេសមក ជាពិសេសក្នុងរយៈពេលចុងក្រោយនេះកម្ពុជាក៏បានសម្រួល និងលុបចោលនូវលក្ខខណ្ឌមួយចំនួនប្រកបដោយភាពងាយស្រួល សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរបរទេស ភ្ញៀវទេសចរអន្តរជាតិពីគ្រប់បណ្ដាប្រទេសចាប់ផ្តើមទំនាក់ទំនងមកសមាគមទីភ្នាក់ងារទេសចរណ៍ច្រើនគួរសម ដើម្បីកក់កញ្ចប់ទេសចរណ៍ក្នុងការមកកម្សាន្តនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាមានការកក់ទុកសម្រាប់ការដើរកម្សាន្តនៅខែខាងមុខផងដែរ។
លោកជំទាវបន្ថែមថា ភ្ញៀវទេសចរអន្តរជាតិភាគច្រើនគឺសុទ្ធតែបានទិញកញ្ចប់ទេសចរណ៍ ព្រោះភ្ញៀវអន្តរជាតិមកកម្សាន្តនៅកម្ពុជាភាគច្រើនមានលក្ខណៈជាក្រុមធំៗ ដែលសុទ្ធតែត្រូវការការរៀបចំពីទីភ្នាក់ងារទេសចរណ៍ក្នុងការធ្វើដំណើរាកម្សាន្តនៅតាមគោលដៅទេសចរណ៍នីមួយៗ។
ទោះជាយ៉ាងណាក៏ដោយ លោកជំទាវបញ្ជាក់ថា លំហូរទេសចរអន្តរជាតិមកកម្ពុជានៅពុំទាន់មានភាពពេញលេញនៅឡើយដែរ គឺស្ថិតក្នុងកម្រិតមធ្យមនៅឡើយ ហើយអាចនឹងកើនឡើងបន្តិចម្តងៗ ដូចនេះវាជាកត្តាមួយសម្រាប់ទុកពេលឱ្យកម្ពុជារៀបចំលក្ខណៈទទួលទេសចរអន្តរជាតិបានកាន់តែល្អ ហើយបុគ្គលិកទេសចរណ៍ក៏អាចនឹងមានពេលវេលាវិលមកចាប់យករបរតាមវិជ្ជាជីវៈរបស់ខ្លួនឡើងវិញ។ ចំណែកចរន្តទេសចរណ៍ក្នុងស្រុកវិញ គឺមានភាពកាន់តែល្អប្រសើរឡើងវិញបន្តិចម្ដងៗ៕